ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងតាមហ្វេសប៊ុកថា កាលពីពេលថ្មីៗនេះក្រសួងយុត្តិធម៌ របស់សហរដ្ឋអាមេរិកបានប្រកាសថា ជនខិលខូចទី៦ ដែលជាសមាជិករបស់ក្រុមវាយប្រហារ The Community ត្រូវបានកាត់ទោស ទាក់ទងទៅនឹងការលួចប្ដូសេវាកម្មទូរសព្ទ តាមរយៈការផ្លាស់ប្ដូរស៊ីមកាត (SIM swapping) ដើម្បីលួចយកកាក់ឌីជីថល របស់ជនរងគ្រោះ ដែលមានចំនួនទឹកប្រាក់សរុបជាង ៥លានដុល្លារ សហរដ្ឋអាមេរិក។
SIM swapping ឬ SIM hijacking គឺជាការលួចអត្តសញ្ញាណ ដែលជនខិលខូចបញ្ចុះបញ្ចូល បុគ្គលិករបស់ក្រុមហ៊ុន ដែលផ្ដល់សេវាកម្មទូរសព្ទឱ្យ ផ្ទេរសេវាទូរសព្ទជនរងគ្រោះ ទៅកាន់ស៊ីមកាតក្រោម ការគ្រប់គ្រងរបស់ពួកគេ ប៉ុន្តែពេលខ្លះទៀតការ ផ្ទេរសេវាទូរសព្ទនេះ ក៏អាចមានការចូលរួមពីបុគ្គលិក របស់ក្រុមហ៊ុនទូរសព្ទផងដែរ។
បន្ទាប់ពីផ្ទេរសេវាទូរសព្ទហើយ ពួកគេអាចស្នើសុំលេខសម្ងាត់ OTP ដើម្បីបញ្ជាក់អត្តសញ្ញាណតាមរយៈកម្មវិធី two-factor authentication (2FA) ដែលអាចពួកគេអាចចូលទៅក្នុង គណនីផ្សេងៗរបស់ជនរងគ្រោះបាន។
ជនល្មើស Garrett Endicott អាយុ២២ឆ្នាំត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ១០ខែ និងត្រូវបង់ប្រាក់ពិន័យចំនួនប្រមាណ ១២ម៉ឺនដុល្លារ ចំណែកឯជនល្មើស ៥នាក់ទៀតត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារពី ២ទៅ៤ឆ្នាំ ដែលក្នុងនោះមានម្នាក់ ជាជនជាតិអៀរឡង់ផងដែរ ៕