ភ្នំពេញ៖ តាមគម្រោង ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងយាងដង្ហែ មកដល់កម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃត្រង់ តាមយន្តហោះពិសេស ពីប្រទេសបារាំង។
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត គណៈកម្មការរៀបចំព្រះពិធីបុណ្យព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា។
គណៈកម្មការរៀបចំព្រះពិធីបុណ្យព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន សម្ដេចចៅហ្វាវាំង គង់ សំអុល ប្រធាន ដោយមានសមាជិក ២៨រូប ហើយគណកម្មាការនេះមានភារកិច្ច សហការជាមួយ ព្រះញាតិវង្សនៃព្រះសព ក្នុងការរៀបចំព្រះពិធីបុណ្យព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឱ្យប្រតិបត្តិបានល្អប្រសើរ សមស្របប្រពៃណីព្រះពុទ្ធសាសនា និងព្រះរាជវង្សានុវង្ស។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គត ក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១៕

