ថ្ងៃស្អែក! ហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ដើម្បីកាន់ទុក្ខព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ

0
14

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ហាមលក់គ្រឿងស្រវឹង និងឲ្យម្ចាស់ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន ផ្អាកអាជីវកម្ម នៅថ្ងៃទី៨ ខែធ្នូ ដើម្បីកាន់ទុក្ខព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុម។

យោងតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភានៃកម្ពុជា និងអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលបាន ប្រកាសយកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាផ្លូវការក្រសួងទេសចរណ៍ បានឱ្យដឹងថាសារាចរណែនាំទាំង ៣ចំណុច រួមមាន៖

ទី១៖ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំង រាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

ទី២៖ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង។

ទី៣៖ ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើ ឱ្យអនុវត្តការផ្អាក អាជីវកម្មតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារាចរណែនាំ ដោយប្រកាសយកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ, គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១, គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here