រដ្ឋបាលខេត្ដបាត់ដំបង ព្រមានចាត់ការតាមច្បាប់ ចំពោះមន្ត្រីដែលបន្តចុះហត្ថលេខា ឱ្យបុគ្គលរំលោភដីព្រៃលិចទឹកតំបន់៣

0
8

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្ដបាត់ដំបងបានប្រកាស ទៅកាន់រដ្ឋបាលតាមបណ្ដាស្រុក ឃុំ និងភូមិ ត្រូវទទួលខុសត្រូវ និងប្រឈមមុខជាមួយនឹងផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ ចំពោះករណី មន្ត្រីមួយណានៅតែបន្តចុះហត្ថលេខាបញ្ជាក់លើលិខិត និងឯកសារផ្សេងៗបញ្ជាក់ប្លង់នៅតំបន់ដីព្រៃលិចទឹក តំបន់៣ ។

យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ដបាត់ដំបង នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់នូវដីរដ្ឋព្រៃលិចទឹកតំបន់៣ រដ្ឋបាលខេត្ដបាត់ដំបង សូមធ្វើការណែនាំ និងដាក់វិធានការរួមមានដូចខាងក្រោម៖

១. ត្រូវបានបដិសេធ និងមោឃភាពរាល់លិខិត និងឯកសារទាំងឡាយណាដែលរដ្ឋបាលស្រុក រដ្ឋបាលឃុំ និងភូមិ បានចុះហត្ថលេខាបញ្ជាក់កន្លងមកលើការកាន់កាប់អាស្រ័យផល ការផ្ទេរសិទ្ធដីធ្លី លិខិតទិញលក់ ជួលបញ្ចាំ ពាក្យស្នើរសុំកាន់កាប់ដីធ្លី ឬពាក្យស្នើរសុំប្រើប្រាស់ដីធ្លី ការបញ្ជាក់ទទួលស្គាល់ផ្សេងៗ ការបញ្ជាក់ប្លង់ទីតាំង និងលិខិតទិញ លក់ ដោយខ្លួនឯងរវាងបុគ្គលអ្នកលក់ និងបុគ្គលអ្នកទិញ នៅលើដីរដ្ឋព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្រ្ដខេត្ដបាត់ដំបង ។

២. រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងភូមិ ត្រូវបញ្ឈប់ការចុះហត្ថលេខាបញ្ជាក់ផ្សេងៗ មានលិខិតផ្ទេរសិទ្ធការទិញ លក់ ជួលបញ្ចាំ ពាក្យស្នើរសុំកាន់កាប់ដីធ្លី ពាក្យស្នើរសុំប្រលប្រាស់ដីធ្លី  និងបញ្ជាក់ប្លង់បង្ហាញទីតាំង នៅលើដីរដ្ឋព្រៃលិចទឹកតំបន់៣ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

៣. ត្រូវទទួលខុសត្រូវ និងប្រឈមមុខជាមួយនឹងផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ ករណីបុគ្គលដែលតំណាងឱ្យរដ្ឋបាលស្រុក រដ្ឋបាលឃុំ និងភូមិណាមួយនៅតែបន្តចុះហត្ថលេខាបញ្ជាក់លើលិខិត និងឯកសារទាំងនេះ។

សេចក្ដីប្រកាសបញ្ជាក់ថា ចាប់ពីទទួលបានសេចក្ដីណែនាំនេះរដ្ឋបាលស្រុកមោងឬស្សី រដ្ឋបាលស្រុកសង្កែ រដ្ឋបាលស្រុកឯកភ្នំ រដ្ឋបាលស្រុកថ្មគោល រដ្ឋបាលឃុំពាក់ព័ន្ធតំបន់៣ បឹងទន្លេសាបទាំងអស់ និងមន្ទីរអង្គភាព ស្ថាប័ននានា ដែលមានការពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពប្រកប ដោយការទទួល ខុសត្រូវខ្ពស់រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

គួបញ្ជាក់ថា យោងតាមរបាយណ៍ការក្រុមការងារអន្តរក្រសួង ដីព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្រ្ដខេត្ដបាត់ដំបង មានស្រុកចំនួន៤ ជាប់តំបន់ដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ត្រូវបានកាប់ទន្រ្ទានអស់ផ្ទៃដីចំនួន ១២ ២២១ហិកតាក្នុងនោះ ស្រុកសង្កែតំបន់ដីព្រៃលិចទឹកដែលបានទន្រ្ទានកាន់កាប់ អស់ផ្ទៃដី ១ ១៤៥ហិកតា ស្រុកថ្មគោលតំបន់ដីព្រៃលិចទឹកដែលបានកាប់ទន្រ្ទានកាន់កាប់អស់ផ្ទៃដី ៣៨៦ហិកតា ស្រុកមោងឬស្សី តំបន់ដីព្រៃលិចទឹកដែលបានទន្រ្ទានកាន់កាប់អស់ផ្ទៃដី ២ ១៤៧ហិកតា ស្រុកឯកភ្នំតំបន់ដីព្រៃលិចទឹក ដែលបានទន្រ្ទានកាន់កាប់ អស់ផ្ទៃដី ៣០ ៥៣ហិកតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here