អាជ្ញាធរជាតិអប្សរា ត្រៀមរៀបចំព្រឹត្តិការណ៍ រំលឹកគុណអង្គរ រយៈពេល ៣ថ្ងៃក្នុងខែធ្នូនេះ

0
8

ភ្នំពេញ៖ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីរំលឹកគុណអង្គរ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។

លោកបន្តថា កម្មវិធីនេះ នឹងរៀបចំនៅមុខ ប្រាសាទអង្គរវត្ត បរិវេណខាងមុខប្រាសាទភ្នំបាខែង និងព្រះលានជល់ដំរីដោយរៀបចំ ឱ្យមានទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័រណ៍ បង្ហាញសមិទ្ធផលការងាររយ:ពេល ២៩ឆ្នាំកន្លងមក របស់អាជ្ញាធរជាតិអប្សរា និងស្នាដៃសិល្បៈផ្សេងៗ ដែលជាទំនៀមទម្លាប់ប្រពៃណី កម្មវីធីសម្តែងសិល្បៈ ដូចជា ការសម្តែងល្ខោនស្បែកធំ ល្ខោនបាសាក់ដែលសុទ្ធតែ មានសារសំខាន់សម្រាប់បង្ហាញ ជូនសាធារណជនទស្សនា និងកម្មវិធីរាប់បាតព្រះសង្ឃផងដែរ។

ដោយឡែក មុនការប្រារព្វពិធីនេះ ក៏នឹងមានការប្រារព្វពិធីសាសនា និងការសម្តែងសិល្បៈ ជាពិសេសការសម្តែងល្ខោនបាសាក់ ឧបត្ថមគាំទ្រដោយវិស័យឯកជនផងដែរ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅបរិវេណប្រាសាទភ្នំបាខែង និងទីលានជល់ដំរី ក្រុងអង្គរធំ។

សូមជម្រាបដែរថា ពិធីរំលឹកគុណអង្គរ គ្រោងនឹងរៀបចំឡើងជារៀងរាល់ឆ្នាំ នាឆ្នាំបន្តបន្ទាប់ដោយយកឆ្នាំ២០២១នេះ គឺជាឆ្នាំសាកល្បង ដែលព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកគុណអង្គ ព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ ការបង្ហាញពីពិធីបែបសាសនាផ្សេងៗ និងការបង្ហាញអំពីសមិទ្ធផលការងារជាច្រើន ដែលអាជ្ញាធរជាតិអប្សរា បានខិតខំធ្វើនាពេលកន្លងមក ក្នុងការអភិវឌ្ឍន៍អង្គរ សម្រាប់ជនរួមជាតិទាំងមូល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here