សិទ្ធិសេរីភាព ធ្វើឲ្យពលរដ្ឋរស់នៅ ប្រកបការងារតូចធំ ដែលខ្លួនពេញចិត្ត ជាពិសេសធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើន ជឿនលឿនទៅមុខ

0
5

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំ ដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យ កម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១០ ធ្នូនេះ សម្ដេចតេជោ បានមានប្រសាសន៍ថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០២១។ បើនិយាយពីរឿងសិទ្ធិមនុស្ស នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមាន សិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៌ពិពាហ៌ និងសិទ្ឋិប្រកបការងារជាដើម..។ល។

សម្ដេចបន្ថែមថា របបប្រល័យពូជសាសន៍ប៉ុលពត បានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលអោយ ប្រជាពលរដ្ឋជាង ៣លាននាក់បានស្លាប់ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «សិទ្ធិសេរីភាពរបស់កម្ពុជា ដែលមានដូចពេលបច្ចុប្បន្ននេះ គឺត្រូវបានរំដោះយកមកវិញ នៅក្រោយពេលដែល របបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំ ដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យ កម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ» ។

ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានជូនពរបងប្អូនជនរួមជាតិ ឲ្យជួបតែសំណាងល្អ និងរីករាយថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ» ៕

LEAVE A REPLY

Please enter your comment!
Please enter your name here