ក្ដៅៗ! សម្ដេចតេជោ បញ្ជាឱ្យប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ យកទៅកំទេចចោល

0
8

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១០ ធ្នូនេះ បានចេញបទបញ្ជា ដល់អង្គភាពប្រដាប់អាវុធទាំងអស់ ប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល តាមការជាក់ស្តែង ។

ការដាក់ចេញបទបញ្ជា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីកាលពី ប៉ុន្មានថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិក បានសម្រេចអំពីការ រឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឆ្លៀតយកឱកាសនេះ សូមអរគុណចំពោះ សហរដ្ឋអាមេរិក ដោយសារការសម្រេច របស់សហរដ្ឋអាមេរិក លើបម្រាមការលក់ដូរអាវុធ និង សម្ភារៈយោធាមកកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ នៃការសម្រេចចិត្តរបស់សម្ដេច កាលពីឆ្នាំ១៩៩៤ ដែលនៅពេលនោះសម្ដេចបានធ្វើការសម្រេចចិត្ត ដោយមិនធ្វើការផ្លាស់ប្តូរ ប្រព័ន្ធអាវុធកម្ពុជាដែលមានពេលនោះ ទៅទិញប្រព័ន្ធអាវុធអាមេរិក ។

សម្ដេចតេជោ បញ្ជាក់ច្បាស់ៗថា «ទន្ទឹមនឹងនេះ ខ្ញុំសូមដាក់ចេញបទបញ្ជា ដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញ ជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល តាមការជាក់ស្តែង» ។

សម្ដេចសង្កត់ធ្ងន់ថា តាមចំណាំរបស់សម្ដេច អ្នកដែលធ្លាប់ប្រើប្រព័ន្ធ អាវុធអាមេរិកជាច្រើន បានចាញ់សង្រ្គាម ដូចជាក្នុងរបបសាធារណខ្មែររបស់ លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធអាវុធអាមេរិក និងបាននាំចូលអាវុធជាច្រើនមកកម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅនេះ រហូតមកដល់បច្ចុប្បន្ននេះ។ ថ្មីៗនេះ ទៀតសោត គឺ អ្នកប្រើប្រព័ន្ធអាវុធអាមេរិក ក៏បានចាញ់សង្រ្គាមនៅអាហ្គានីស្ថាន។

សម្ដេចបន្តថា សម្ដេចមានជំនឿលើភាពក្លាហាន ព្រមទាំងស្មារតី និងទឹកចិត្តប្រយុទ្ធ របស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងលើអាវុធតែមួយមុខ។

ជាថ្មីម្តងទៀតសម្ដេចក៏បានអរគុណ សហរដ្ឋអាមេរិក ដែលបានជួយបញ្ជាក់ថា ការសម្រេចចិត្ត របស់សម្ដេចមិនយល់ព្រមទិញអាវុធ ពីអាមេរិកពិតជាត្រឹមត្រូវ សម្រាប់នយោបាយការពារជាតិ របស់កម្ពុជាហើយវាក៍ជាសារ ព្រមានមួយប្រាប់ទៅខ្មែរ ដែលគ្រប់គ្រង រាជរដ្ឋាភិបាលជំនាន់ក្រោយ ឲ្យបានជ្រាបថា បើចង់មានឯករាជ្យភាព លើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធរបស់អាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here