១០ខែ ដើមឆ្នាំ២០២០ កម្ពុជានាំចេញអង្ករនិងស្រូវ ជាង៥សែនតោន ទៅកាន់ប្រទេសចំនួន៦០

0
52

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញលទ្ធផលនៃការនាំចេញអង្ករ ដែលបានឆ្លងកាត់ការត្រួតពិនិត្យ ភូតគាមអនាម័យ ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២០ សម្រេចបាន ៥៣៦ ៣០៥ តោន ដែលក្នុងនេះមាន៖ការនាំចេញទាំងអស់នោះរួមមាន អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤២១ ១៣២ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១០៩ ០១២ តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៣៨ តោន។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក លោករដ្ឋមន្រ្តី បានឱ្យដឹងថា ការនាំចេញអង្កររយៈ១០ខែដើមឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៧៨ ៣៦៥ តោន ស្មើនឹង +១៧,១១% ដែលធៀបទៅនឹង រយៈពេល១០ខែ ដើមឆ្នាំ២០១៩ មានចំនួន ៤៥៧ ៩៤០ តោន ។ ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២០ នេះសម្រេចការនាំចេញអង្ករបានចំនួន ៤៧ ៥៣០ តោន ថយចុះចំនួន ១១ ៨២៤ តោន ស្មើនឹង -១៩,៩២% ធៀបទៅនឹងខែតុលា ឆ្នាំ២០១៩។

ប្រទេសដែលបានបញ្ជាទិញអង្ករ ពីកម្ពុជាក្នុងរយៈពេល ១០ខែនេះ មានចំនួន ៦០ ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុប មានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន (រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ។

សូមបញ្ជាក់ថា៖
ក) ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១០ខែដើមឆ្នាំដូចគ្នាប្រៀបធៀប ទៅនឹងឆ្នាំ២០១៩ មានកំណើន នៅគ្រប់គោលដៅ នាំចេញទាំងអស់៖ ១) ការនាំចេញទៅសហភាពអ៊ឺរ៉ុប មានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៧៤ ៣៩១ តោនកើនចំនួន ៣២,៥១%, ២) ប្រទេសចិនមានបរិមាណសរុបចំនួន ១៩៤ ៤៥១ តោន កើនឡើងចំនួន ៣៦,២៦%, ៣) បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧១ ៨៨២ តោន កើនឡើងចំនួន ១៣,៤០%, និង ៤) គោលដៅដ៏ទៃទៀត ចំនួន២៩ ប្រទេស មានបរិមាណសរុបចំនួន ៩៥ ៥៨១ តោន បានកើនឡើងចំនួន ១៧,៨៣% ។
ខ) ការនាំចេញស្រូវទៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែនប្រទេសវៀតណាម សម្រាប់រយៈពេល ៩ខែ២៨ថ្ងៃ ដើមឆ្នាំ២០២០ (មកទល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០) មានបរិមាណសរុបចំនួន ១ ៤២៧ ២២៦ តោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here