ពិធីករល្បីឈ្មោះ តាប៊ុយ ស្រវឹងស្រាបើករថយន្តបង្កគ្រោះថ្នាក់ ហើយព្យាយាមបើករត់តែត្រូវឃាត់ជាប់

0
8

ភ្នំពេញ៖ លោកVJ តាប៊ុយ ជាពិធីករដ៏ល្បីនៅក្នុងស្ថានីយទូរទស្សន៍ បានបើករថយន្តស៊េរីទំនើបម៉ាក ក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តព្រូសពីក្រោយ ខណៈកំពុងឈប់ភ្លើងស្តុបបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបាន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា បន្ទាប់មកអ្នកបើករថយន្តបង្កហេតុបានព្យាយាមបើករត់រហូតដល់ចំណុចមុខអតីតទូរទស្សន៍ប៉ុស្តិ៍លេខ៣ ទើបភាគីរថយន្តរងគ្រោះដេញស្ទាក់ជាប់។

ប្រភពបន្ថែមថា មុនកើតហេតុគេឃើញមានមនុស្សប្រុសស្រី៣ទៅ៤ នាក់ជិះរថយន្ត Toyota Prius មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AH-7048ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង។ លុះបើកមកដល់ចំណុចកើតហេតុខាងលើ រថយន្តព្រូសនោះបានឈប់រង់ចាំភ្លើងស្តុប ខណៈនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BK-8809បើកបរដោយលោកVJ តាប៊ុយ ជាពិធីករដ៏ល្បីឈ្មោះមួយរូប ធ្វើដំណើរមកពីក្រោយបុករថយន្តToyota Prius ពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ  ប៉ុន្តែភ្លាមនោះរថយន្តបង្កហេតុមិនបានឈប់ធ្វើការដោះស្រាយនោះទេ បានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុរហូតដល់ចំណុចមុខអតីតទូរទស្សន៍ប៉ុស្តិ៍លេខ៣  ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានជនរងគ្រោះបើករថយន្តដេញតាមឃាត់ជាប់។

ក្រោយកើតហេតុគេឃើញលោក តាប៊ុយដើរមិនត្រង់ផ្លូវ សង្ស័យស្រវឹងស្រាខ្លាំង ត្រូវបានបុរស៣នាក់ទៀតគ្រាទៅដាក់ក្នុងរថយន្តមួយគ្រឿងទៀត ដោយប្រាប់ថាបញ្ជូនទៅប៉ុស្តិ៍នគរបាល ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here