ភ្នំពេញ៖ កុមារអាយុ៥ឆ្នាំម្នាក់បាន រួចផុតជីវិត ក្រោយទទួលបានការជួយសង្គ្រោះពីមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ខណៈពស់ចឹកយកទៅគ្រូខ្មែរមើលមិនជា។
បើយោងតាមការបង្ហោះលើបណ្តាញផេកហ្វេសប៊ូករបស់ Dr.beat richner កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ បានបញ្ជាក់ថា ក្មេងប្រុសម្នាក់ត្រូវបានសត្វពស់វែកដំបូកចឹកបណ្ដាលឲ្យជាតិពិសជ្រាបចូលពេញប្រព័ន្ធប្រសាទហើយ ត្រូវបានឪពុកម្ដាយបញ្ជូនទៅព្យាបាលនៅគ្រូខ្មែរ ប៉ុន្តែដោយស្ថានភាពកាន់តែធ្ងន់ធ្ងរ ក៏បានបញ្ជូនមកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញទាន់ពេល ហើយក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ជួយសង្គ្រោះក្មេងរូបនោះរហូតបានដោយជោគជ័យ។
ក្មេងប្រុសម្នាក់នេះ អាយុ៥ឆ្នាំ មកពីខេត្តកំពុងធំ ត្រូវបានពស់វែកដំបូក ចឹក ពេលលេងនៅក្រោមផ្ទះ ព្យាបាលនៅគ្រូខ្មែរ អស់៣ថ្ងៃ រហូតដល់រលួយជើង និងសន្លប់បាត់ដង្ហើម(ដោយសារពិសពស់ ជ្រាបចូលដល់ប្រព័ន្ធប្រាសាទខួរក្បាល-neurotoxicity) ត្រូវបានជួយសង្គ្រោះ ដោយម៉ាស៊ុនជំនួយដង្ហើម និងថ្នាំបន្សាបពិសអស់៣០ដប នៅបន្ទប់សង្គ្រោះបន្ទាន់គន្ធបុប្ផា ថ្ងៃទី៥ បានដឹងខ្លួននិងរស់រាន មានជីវិតឡើងវិញ ។ព្រោះរាល់១ដុល្លារ របស់លោកអ្នក គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិត អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២៕


