ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងកាលពីថ្មីៗនេះថា ក្រសួងបានស្នើសុំថវិកាពីរាជរដ្ឋាភិបាលប្រមាណ ៣លានដុល្លារអាមេរិក សម្រាប់ចំណាយជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានស្លាកលេខយានយន្ដចាស់ ហើយគ្មាន QR កូដ មកដូរយកស្លាកលេខថ្មី និងមាន QR កូដត្រឹមត្រូវ ដោយឥតគិតថ្លៃ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការធ្វើដូច្នេះ គឺដើម្បីធានាសុវត្ថិភាព និងកុំឱ្យបន្ដមានការប្រើប្រាស់ស្លាកលេខក្លែងក្លាយ នៅទូទាំងប្រទេសតទៅទៀត ហើយពេលមកដូរនោះត្រូវធ្វើបច្ចុប្បន្នភាពឈ្មោះ ផ្ទះកាត់នៅកន្លែងណា កាត់ឈ្មោះហើយ ប៉ុន្ដែអត់យកលុយទេ ធ្វើឱ្យព្រី ដែលរាជរដ្ឋាភិបាលយើងត្រូវចេញ ឱ្យប្រហែល ៣លានដុល្លារអាមេរិក បង់ឱ្យតែក្រុមហ៊ុន KTS ដែលមកជាន់លេខទេ គឺធ្វើឱ្យទទេ ដល់បងប្អូនប្រជាពលរដ្ឋយើង ជាអំណោយរបស់រាជរដ្ឋាភិបាល។
ការលើកឡើងរបស់លោករដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បន្ទាប់ពីពេលថ្មីៗកន្លងមកនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានរកឃើញ និងចាប់បានអ្នកធ្វើស្លាកលេខក្លែងក្លាយចំនួន៧កន្លែង ដែលជាកន្លែងធ្វើស្លាកលេខនគរបាល លេខខ.មលេខកងរាជអាវុធហត្ថ លេខភ្នំពេញ និងលេខខេត្ដ ដែលទាំង៧កន្លែងនេះ គឺជាកន្លែងជាន់លេខសេះហោះ ឬស្លាកលេខក្លែងក្លាយ។
លោកបានបន្ថែមទៀតថា គម្រោងស្នើសុំថវិកា និងរៀបចំប្ដូរស្លាកលេខចាស់ និងផ្ដល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សម្រាប់ប្ដូរឱ្យមកប្រើប្រាស់ស្លាកលេខថ្មី ដែលមាន QR កូដនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងតែធ្វើការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយលទ្ធផលយ៉ាងណានោះនៅមិនទាន់បានទទួលនៅឡើយ៕