ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ នៃដំណើរការ សំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២៧ ធ្នូ ២០២១ តាមរយៈការប្រមូលយកសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗ ពីបេក្ខជន ដោយគណៈកម្មការអនុរក្ស មន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ គ្មានករណីនាំយកសំណៅឯកសារ និងសម្ភារៈហាមឃាត់ឡើយ។
បេក្ខជនបានគោរពតាមការណែនាំរបស់គណៈមេប្រយោគ និងបទប្បញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយពុំបាននាំចូលនូវសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗឡើយ។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ៕