អាជ្ញាធរខេត្ដបាត់ដំបង ជូនដំណឹងពីការផ្អាកចរាចរណ៍ផ្លូវវាងក្រុងបណ្ដោះអាសន្ន

0
10

បាត់ដំបង៖ រដ្ឋបាលខេត្ដបាត់ដំបងបានឲ្យដឹងថា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នឹងមានការបិទចរាចរណ៍ជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវវាងក្រុង ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៥ ភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល រហូតដល់ចំណុចប្រសព្វជាមួយផ្លូវស្របអាងម៉ាឈិត ឆ្ពោះទៅកាន់អាងកំពីងពួយចាប់ពីម៉ោង ៤:០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដបាត់ដំបងបញ្ជាក់ថា ការបិទចរាចរណ៍ជាបណ្ដោះអាសន្ននេះគឺដើម្បី សម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះក្នុងថ្ងៃទី១០ ខែមករា មានពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សេរីសោភ័ណ) ដែលមានប្រវែង ៨៤,៧៤គីឡូម៉ែត្រ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងប្រព្រឹត្ដឡើងនៅ ឃុំជ្រៃ ស្រុកថ្មគោល ខេត្ដបាត់ដំបង។

កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងជាង ៨៤,៧៥គីឡូម៉ែត្រនិងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបង ធ្លាប់ត្រូវបានដាក់ឱ្យធ្វើចរាចរណ៍ ក្រោមការចុះត្រួតពិនិត្យរបស់លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ងួន រតនៈ អតីតអភិបាលខេត្ដបាត់ដំបងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកផងដែរ។

កំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្ដើមសាងសង់ចេញពីព្រែកក្ដាម រហូតដល់ក្រុងប៉ោយប៉ែត មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ គ្រោងចំណាយថវិការប្រមាណ ៥០០លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here