សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ក្រុមការងារកាត់សម្អាតរុក្ខជាតិតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរ បានខិតខំអនុវត្ត ការងារប្រចាំថ្ងៃរបស់ខ្លួន ដោយសម្អាតរុក្ខជាតិទាំងតូចធំដែលដុះនៅលើប្រាសាទ ដើម្បីបញ្ជៀសហានិភ័យផ្សេងៗមកលើប្រាសាទ។
បើតាមលោក ឈឿម ទ្រី ក្នុងនាមបុគ្គលិកផ្នែកសម្អាតរុក្ខជាតិតាមប្រាសាទមួយរូប បានឱ្យដឹងថា ផ្តើមចេញពីទឹកចិត្តស្រឡាញ់ចង់ថែរក្សា ប្រាសាទបុរាណ និងចង់ឱ្យប្រាសាទនៅគង់វង្សយូរបន្តទៀតលោកមានការតាំងចិត្តជាខ្លាំង ដើម្បីកាត់សម្អាតរុក្ខជាតិទាំងតូចធំដែលដុះ នៅលើប្រាសាទទាំងអស់ ក្នុងឧទ្យានអង្គរ។
លោកបន្តថា ក្នុងបទពិសោធន៍ការងាររយៈពេលប្រមាណជាង២០ឆ្នាំមកនេះ ទោះបីដឹងថា ត្រូវប្រឈមមុខខ្លះៗនឹងគ្រោះថ្នាក់មួយចំនួន ដោយសារការតោងឡើងទៅលើកំពូលខ្ពស់ៗនៃប្រាសាទដើម្បីកាត់សម្អាតរុក្ខជាតិ រូបលោកនៅតែមានសេចក្តីពេញចិត្តចំពោះភារកិច្ចរបស់ខ្លួន៕