ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញបញ្ជាមិនអនុញ្ញាតឲ្យអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ព្យាបាលនៅតាមផ្ទះឡើយ គឺតម្រូវយកអ្នកជំងឺព្យាបាលនៅមន្ទីរពេទ្យ ជាដាច់ខាត។
សម្ដេចចេញបញ្ជាបែបនេះ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នាវិមានសន្តិភាព នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។
សម្ដេចតេជោមានប្រសាសន៍ថា ករណីជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅទូទាំងប្រទេសកម្ពុជា រហូតមកដល់ពេល ចំនួន៩៤ករណី ក្នុងនោះ ក៏ព្យាបាលជាសះស្បើយមួយចំនួនដែរ ហើយសុទ្ធតែជាករណីចូលនាំ។
សម្ដេចបញ្ជាក់ថា “ខ្ញុំ សូមដាក់បញ្ជា មិនអនុញ្ញាតឲ្យព្យាបាលតាមផ្ទះទេ គឺសូមយកទៅមន្ទីរពេទ្យ ព្យាបាលនៅមន្ទីរពេទ្យ ព្រោះរឿងនេះ អូមីក្រុង វាអត់គ្រោះថ្នាក់ធំទេ បើនិយាយពីអត្រាស្លាប់វាអត់គ្រោះថ្នាក់ប៉ុន្មានទេ”។
សម្ដេចតេជោ បន្តថា ទោះបីកូនអ្នកធំក៏ដោយ គឺតម្រូវព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ហើយចាប់ពេលនេះតទៅ មិនចាំបាច់សុំយោបល់ សម្ដេច ទៀតឡើយ ក្នុងការយកអ្នកជំងឺប្រភេទអូមីក្រុង ព្យាបាលនៅតាមផ្ទះ។ នាឱកាសនេះ សម្តេចក៏បានលើកពីកូនទូតអាមេរិកដែលឆ្លងជំងឺនេះ ហើយទូតក៏បានធ្វើលិខិតធានាលើការសុំព្យាបាលនៅផ្ទះ៕