ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ និងអនុញ្ញាតសិស្សកម្រិតមត្តេយ្យ ចូលសិក្សាឡើងវិញ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានបញ្ជាក់ថា ផ្អែកតាមស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននៅទូទាំងប្រទេស ដែលមានកម្រិតឆ្លងទាបបំផុត និងស្របតាមការប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មីនិងអនុវត្តតាម អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងគ្រឹះស្ថានមត្តេយ្យសិក្សា ព្រមទាំងកម្មវិធីអប់រំកុមារតូចគ្រប់រូបភាព ត្រូវចាប់ផ្តើមទទួលការចុះឈ្មោះចូលរៀន និងដំណើរការបវេសនកាល ឆ្នាំសិក្សា២០២១-២០២២ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ តទៅ។
ជាមួយគ្នានេះ ក្រសួងអប់រំ បានជំរុញឲ្យមានការផ្សព្វផ្សាយការសម្រេចនេះ ឱ្យបានទូលំទូលាយដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ, មត្តេយ្យសិក្សា និងកម្មវិធីអប់រំកុមារតូចគ្រប់រូបភាព ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕