សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ប្រទេសមីយ៉ាន់ម៉ា ដោយសុវត្ថិភាព

0
9

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា​ បានអញ្ជើញទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយ នៅវេលាម៉ោងប្រមាណជាង ១០ព្រឹក ម៉ោងនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២នេះ ។

នៅឯអាកាសយានដ្ឋានណៃពិដោរ មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្ដៅជាទីបំផុត របស់មន្ត្រីជាន់ខ្ពស់ នៃប្រទេសមីយ៉ាន់ម៉ា ចំពោះវត្តមានរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀ។

សូមរំលឹកថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរយ:ពេល២ថ្ងៃ គឺថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានអមដំណើរដោយឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សន:អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here