បេក្ខជនបាក់ឌុប ដែលមានកម្តៅលើស៣៧អង្សា ត្រូវប្រឡងនៅបន្ទប់ដោយឡែក

0
37

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានបញ្ជាក់ថា នៅតាមមណ្ឌលប្រឡងនីមួយៗ នឹងមានជំនួយការអប្បមាទ និងគ្រូចាំវាស់កម្តៅ មុននឹងឲ្យបេក្ខជនចូលបន្ទប់ប្រឡង។ បើកាលណាបេក្ខជនណា មានកម្តៅលើសពី៣៧អង្សា បេក្ខជននោះ នឹងរៀបចំដាក់ឲ្យប្រឡង នៅបន្ទប់មួយដាច់ដោយឡែក ដោយមានការឃ្លាំមើលពីគ្រូ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «វិធានការក្នុងការបើក ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ»នៅថ្ងៃទី២៨ ខែតុលា លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងថា មុននឹងបេក្ខជន ត្រូវអនុញ្ញាតឲ្យ ចូលមណ្ឌលប្រឡង ជំនួយការអប្បមាទ និងគណៈមេប្រយោគ នឹងវាស់កម្តៅពួកគេ និងឲ្យពួកគេលាងដៃជាមុន ហើយក៏ត្រូវពាក់ម៉ាស់ដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា« បើកាលណាបេក្ខជនប្រឡងណាម្នាក់ មានកម្តៅលើសពី៣៧អង្សា បេក្ខជននោះ នឹងត្រូវដាក់ឲ្យប្រឡង នៅក្នុងបន្ទប់មួយដាច់ដោយឡែក ដែលខាងមណ្ឌលប្រឡងនីមួយៗបានរៀបចំទុកជាស្រេច។ បើតាមលោករដ្ឋមន្រ្តី ក្រសួងនឹងជូនសម្ភារ ដូចជាម៉ាស់ និងទឹកលាងដៃ សម្រាប់ដាក់នៅតាមមណ្ឌលប្រឡង»។

លោក មានប្រសាសន៍ថា «ក្តៅខ្លះមិនមានកូវីដ-១៩ទេ។ អាចថាគាត់មានកម្តៅ៣៧ ទៅ៣៧កន្លះអង្សា គាត់អាចនឹងមានមូលហេតុផ្សេង។ ការប្រឡងនេះជាការកំណត់អនាគតរបស់សិស្ស។ អ៊ីចឹងយើងនឹងរៀបចំជាបន្ទប់ ដើម្បីអាចឲ្យគាត់ទៅសម្រាក ហូបទឹកអីសិនទៅ។ ចាំវាស់កម្តៅគាត់ម្តងទៀត។ បើសិនជាវាស់កម្តៅទៅអត់ចុះ គឺយើងអនុញ្ញាតឲ្យអង្គុយប្រឡងដាច់ដោយឡែក នឹងមានអ្នកឃ្លាំមើល»។

លោករដ្ឋមន្ត្រី អះអាងថា ក្រសួងនឹងបន្តសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ជួយចូលរួមរឹតបន្តឹងការប្រឡងបាក់ឌុប និងត្រួតពិនិត្យលើដំណើរការការប្រឡងដូចឆ្នាំមុនៗដែរ ដើម្បីធានាបានធនធានសិស្ស និងឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ។ លោក បញ្ជាក់ថា៖«យើងចង់លើកទឹកចិត្តសិស្សឲ្យខំរៀន។ នៅសល់រយៈពេល២ខែទៀត គាត់ត្រូវខិតខំរៀន»។

ក្នុងឱកាសនោះលោកហង់ជួន ណារ៉ុន ក៏បានបង្ហាញតួលេខថា បេក្ខជនប្រឡងបាក់ឌុបក្នុងឆ្នាំនេះ មានជាង១២ម៉ឺននាក់ ហើយមណ្ឌលប្រឡងទូទាំងប្រទេស មាន២១០មណ្ឌល។ លោក បន្តថា បើកាលណាសិស្សប្រឡងបាក់ឌុបក្នុងឆ្នាំនេះ មានអត្រាធ្លាក់ច្រើន ក្រសួងនឹងមិនផ្តល់ឱកាសប្រឡងជាលើកទី២ឡើយ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ២០១៩កន្លងទៅ មានបេក្ខជនជាង១១,៧ម៉ឺននាក់ ដោយ អ្នកប្រឡងជាប់ មានជិត៨ម៉ឺននាក់ ស្មើនឹងជាង៦៨ភាគរយ។ ក្នុងចំណោមអ្នកប្រឡើងជាប់ និទ្ទេស A មាន៤៤៣នាក់, និទ្ទេស B មានជាង២,៤ពាន់នាក់, និទ្ទេស C មានជាង៥,៨ពាន់នាក់, និទ្ទេស D មានជាង១,៤នាក់, និង និទ្ទេស E មានជាង៥,៦ម៉ឺននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here