ឆ្លង​ចរន្ត ឆេះរថយន្ត​កង​វិស្វកម្ម​​២​គ្រឿង ​នៅ​ស្រុក​ប​វេ​ល​

0
10

បាត់ដំបង​៖​ រថយន្ត​របស់​កង​វិស្វកម្ម​ចំនួន​២​គ្រឿងឆ្លង​ចរន្ត​ភ្លើង​ ​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ។ ករណីនេះបានកើតឡើង កាលពី​ថ្ងៃ​ទី​៧​  ខែមករា​  ឆ្នាំ​ ២០២១​ វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​  ត្រង់​ចំណុច​វត្ត​ភូមិ​បឹង​ក្រឡ​ ឃុំ​បឹង​ប្រាំ​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង។​

អធិការ​នគរបាល​ស្រុក​ប​វេ​ល​បាន​​ឲ្យ​ដឹង​ថា​  រថយន្ត​កង​វិស្វកម្ម​ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​ គឺ​រថយន្ត​ទី​១​  ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​  ពណ៌​ត្រេ​អ៊ី​ ពាក់​ស្លាក​លេខ​  ខេមរៈភូមិន្ទ​ 3.9459​ បើកបរ​ដោយ​ឈ្មោះ​ ប៉ុ​ល​ ពន្លឺ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​  មាន​ទីលំនៅ​ភូមិ​បឹង​ឈូក​ ឃុំ​បឹង​ឈូក​ ស្រុក​កណ្ដៀង​  ខេត្តពោធិ៍សាត់​  (​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង​)​  និង​រថយន្ត​ទី២​  ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​  ពណ៌​ត្រេ​អ៊ី​ ពាក់​ស្លាក​លេខ​  ខេ​មរ​:​ភូមិន្ទ​  3.2016​ បើកបរ​ដោយ​ឈ្មោះ​ យ៉ា​ន់​ សុផល​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្រករ​ ឃុំ​បឹង​ខ្នា​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ (​ខូចខាត​ផ្នែក​ខាង​ក្បាល​ប្រហែល​ 90%)​។​

​តាម​ការ​សាកសួរ​ ឈ្មោះ​ ប៉ុ​ល​ ពន្លឺ​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ទើបតែ​មក​បើករថយន្ត​បាន​រយៈពេល​១៥​ថ្ងៃ​តែ​ប៉ុណ្ណោះ​  នៅ​ល្ងាច​មុន​ពេល​កើតហេតុ​ខ្លួន​បាន​យក​រថយន្ត​ទៅ​ឈប់​ចត​ដាក់​ទន្ទឹម​គ្នា​ជាមួយ​រថយន្ត​ខាងលើ​ក្នុង​វត្ត​បឹង​ក្រឡ​ ។​

ឆ្លង​តាម​ចម្លើយ​របស់​ឈ្មោះ​ យ៉ា​ន់​ សុផល​ បាន​ឲ្យ​ដឹង​ថា​ យប់​នោះ​ខ្លួន​នៅ​ដេក​ក្នុង​រថយន្ត​ ស្រាប់តែ​ម៉ោង​ប្រហែល​១​រំលង​អា​ធ្រា​ត្រ​ ខ្លួន​បាន​ធុំក្លិន​ឆ្ងៀម​ខ្សែភ្លើង​ឆេះ​ចេញ​រថយន្ត​ ដែល​ចត​ក្បែរ​និង​រថយន្ត​របស់​ខ្លួន​ ពេល​នោះ​ក៏​បាន​ចុះ​មក​ពិនិត្យ​ឈួ​ល​ពិល​ ព្រមទាំង​បើកទ្វារ​មើល​ក្នុង​រថយន្ត​នោះ​ដែរ​ តែ​ពុំ​មាន​ភ្លើង​ឆេះ​នោះ​ទេ​ (​ការ​ពិនិត្យ​មិន​បាន​ល្អិតល្អន់​ប៉ុន្មាន​នោះ​ទេ​)​  ខ្លួន​ក៏​បាន​ឡើង​ដេក​ក្នុង​រថយន្ត​វិញ​។​ លុះដល់​ម៉ោង​ប្រហែល​ប្រហែល​ ០២​និង​៣០​នាទី​ ស្រាប់តែ​មាន​ធុំក្លិន​ឆ្ងៀម​ខ្លាំង​ឡើងៗ​  ខ្លួន​បាន​ចុះ​ពី​រថយន្ត​បានឃើញ​មាន​ហុយផ្សែង​ចេញពី​ក្បាល​រថយន្ត​នោះ​យ៉ាង​ខ្លាំង​ ហើយ​បាន​រត់​មក​ហៅ​អ្នក​បើករថយន្ត​ជាមួយ​គ្នា​មក​ជួយ​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​២​គ្រឿង​។​

​តាម​ការ​សន្និដ្ឋាន​ពី​សមត្ថកិច្ច​ជំនាញ​បានអោយ​ដឹង​ថា​ ការ​ឆេះឆាប​នេះ​គឺ​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្ត​ភ្លើង​ ព្រោះ​រថយន្ត​នេះ​ចាស់​ហើយ​បាន​ត​ខ្សែភ្លើង​រញ៉េរញ៉ៃ​ និង​មិន​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ដោយ​សំអាង​ថា​ មាន​ឡានទឹក​ខ្លួនឯង​។​

​បច្ចុប្បន្ន​ រថយន្ត​ឆាបឆេះ​ទាំង​ពីរ​គ្រឿង​កំពុង​រក្សា​ទុក​នៅ​កន្លែង​កើតហេតុ​រង់ចាំ​ចំណាត់ការ​បន្ត​តាម​នីតិវិធី​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here