ភ្នំពេញ៖ ដោយអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សមុច្ច័យ (ការប្រមូល) ដ៏មានតម្លៃនៃសម្បត្តិវប្បធម៌ខ្មែរចំនួន២៨រូប នឹងត្រូវបញ្ជូនត្រឡប់មកមាតុប្រទេសវិញ។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក និងការិយាល័យ ស៉ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានដំណើរការក្តី ក្នុងតុលាការពាក់ព័ន្ធនឹងវត្ថុបុរាណខ្មែរ ចំនួន២៨រូប ដែលបានរឹបអូសពីអ្នកកាន់កាប់សមុច្ច័យឯកជន។
វត្ថុបុរាណទាំងនោះមានជាអាទិ៍ រូបចម្លាក់ព្រះគណេស ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទបាក់ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ផ្អែកតាមសាក្សី បានបញ្ជាក់ថា រូបចម្លាក់នេះត្រូវបានលួចយកចេញពី ប្រាសាទអស់ រយៈពេលប្រមាណពីរទសវត្សរ៍មកហើយ។ ក្នុងឆ្នាំ២០២១ អង្គការសម្ព័ន្ធភាពបុរាណវត្ថុ(Antiquities Coalition) បានចាត់ទុកបដិមាព្រះគណេសនេះ ជារូបចម្លាក់ដ៏ប្រណិតមួយដែល ពិភពលោកចង់បានបំផុត ក្នុងចំណោមវត្ថុទាំង១០ ដែលត្រូវបានគេលួច។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា រូបចម្លាក់ព្រះគណេសនេះ គឺជាគំរូដ៏ល្អឯកមួយទៀត របស់បុព្វបុរសខ្មែរយើង។ ព្រះគណេស គឺជាទេពហិណ្ឌូដែលមានព្រះសិរជាសត្វដំរី និងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ អំពីឬទ្ធិអំណាចរបស់ព្រះអង្គ ជាទេពនៃចំណេះដឹង និងកំចាត់ឧបសគ្គ ហើយការវិលត្រឡប់មកមាតុប្រទេសវិញ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយរបស់កម្ពុជា។
លោកស្រីបន្តថា វត្ថុបុរាណដទៃទៀតមានដូចជា ព្រះពុទ្ធបដិមាធ្វើពីថ្មភក់ សតវត្សរ៍ទី៧-៨, បដិមាព្រះវិស្ណុ ធ្វើពីថ្មភក់ សតវត្សទី១០ និងបដិមាព្រះនាងលក្ស្មី ធ្វើពីសំរិទ្ធ សតវត្សទី១០។ ការបញ្ជូនត្រឡប់មកវិញនេះ គឺបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរក និងនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរសខ្មែរយើង ដែលបានចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំ ក្នុងអំឡុងសម័យសង្គ្រាម៕