ក្រសួងបរិស្ថាន និងអង្គការដៃគូប្តេជ្ញាធ្វើឱ្យប្រសើរឡើងការអភិរក្សជីវៈចម្រុះ នៅក្នុងតំបន់ការពារទេសភាព បឹងព្រែកល្ពៅ

0
7

ភ្នំពេញ៖ ក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការជីវិតសត្វស្លាបអន្តរជាតិ និងអង្គការ The Wildfowl & Wetlands Trust បាននឹងកំពុងអនុវត្តគម្រោងក្នុង គោលបំណងធ្វើឱ្យប្រសើរឡើង នូវការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍ នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

នេះគឺជាលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន នៅអំឡុងពេល ដំណើរទស្សនកិច្ចស្វែងយល់អំពីវឌ្ឍនភាពគម្រោងអភិរក្សតំបន់ដីសើម នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏មានសក្កានុពលមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទី តំាងភូមិសាស្រ្ត ស្ថិតនៅក្នុងស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។

លោករដ្ឋលេខាធិការ មានប្រសាសន៍ថា បច្ចុប្បន្នយើងបាននឹងកំពុងអនុវត្តសកម្មភាពសំខាន់ៗចំនួន ៤ គឺ ការអភិរក្សជីវៈចម្រុះ ការលើកម្ពស់ជីវភាពសហគមន៍ ការអប់រំផ្សព្វផ្សាយ និងការសិក្សាស្រាវជ្រាវ។

លោក នេត្រ ភក្ត្រា បានថ្លែងថា “ចំពោះការអភិរក្សជីវៈចម្រុះ យើងបានសាងសង់ស្នាក់ការរងចំនួន១កន្លែង សម្រាប់ពង្រឹងការល្បាតនៅក្នុងតំបន់ សាងសង់អាងទឹកទំហំ ១៦ហិកតាដើម្បីរក្សារទឹកទុកជា អចិន្ត្រៃយ៍សម្រាប់ទ្រទ្រង់ដល់ពពួកសត្វស្លាបទឹកជាពិសេសសត្វក្រៀល។ យើងក៏បានធ្វើការដាំព្រៃលិចទឹក ទំហំ៥ហិកតា និងដាំម៉ឺមផ្លុងទំហំ២៥ហិកតា ដែលជាចំណីរបស់សត្វក្រៀល និងបានគ្រប់គ្រងរុក្ខជាតិប្រភេទ រាតត្បាត ដូចជាប្រខ្លបយក្ស (Mimosa pigra) វល្លិ៍រាតត្បាត និងកំប្លោក ជាដើម។ រីឯសកម្មភាពលើកម្ពស់ជីវភាព សហគមន៍វិញ យើងបានបង្កើតធនាគារក្របី ដោយធ្វើការប្រវាស់ក្របីជាមួយប្រជាសហគមន៍មូលដ្ឋាន នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ចំណែកឯ ការអប់រំផ្សព្វផ្សាយ យើងបានបញ្ជូល កម្មវិធីអប់រំ បរិស្ថាននិងសត្វក្រៀលជាមួយសាលារៀនគោលដៅចំនួន៣គឺសាលាបឋមសិក្សាសង្គមមានជ័យ សាលាបឋមសិក្សាក្ដុលជ្រុំ និងសាលាបឋមសិក្សាបន្ទាយធ្លាយ ដើម្បីលើកកម្ពស់ការយល់ដឹង របស់សិក្សានុសិស្សអំពីសារៈសំខាន់ជីវៈចម្រុះ ជាពិសេសសត្វក្រៀល នៅក្នុងតំបន់ការពារទេសភាព បឹងព្រែកល្ពៅ។ បន្ថែមពីនេះ យើងក៏មានកម្មវិធីផ្សព្វផ្សាយតាមទម្រង់ផ្សេងៗទៀតដូចជាការចាក់បញ្ចាំងខ្សែភាព យន្ត អប់រំ និងការចាក់សំឡេងចល័ត នៅក្នុងតាមភូមិជាប់នឹងតំបន់ការពារទេសភាពនេះផងដែរ។ ដោយឡែកការសិក្សាស្រាវជ្រាវវិញ យើងបាននឹងកំពុងធ្វើការសិក្សាវាយតម្លៃលើសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការសិក្សាអំពីប្រព័ន្ធជលសាស្រ្តនៅតំបន់នោះ”។

លោក ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថានបានលើកឡើងថា ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញារ៉ាមសារ ក្រសួងបរិស្ថានតែងតែចូលរួមអនុវត្តនូវសសរស្តម្ភទាំង ៣របស់អនុសញ្ញារ៉ាមសារ ដែលមានការប្រើប្រាស់តំបន់ដីសើមដោយឈ្លាសវៃ ការកំណត់ និងបង្កើតតំបន់រ៉ាមសារថ្មីៗ និងកិច្ចសហប្រតិ្តបតិការអន្តរជាតិ ជាពិសេសការគ្រប់គ្រងតំបន់ដីសើមឆ្លងដែន។

ចំណែកលោក ប៊ូ វរសក្ស តំណាងឱ្យអង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការជីវិតសត្វស្លាបអន្តរជាតិ និងអង្គការ The Wildfowl & Wetlands Trust បានមានប្រសាសន៍ថា យើងពិតជាមានមោទភាពណាស់ដែល បានចូលរួមជាមួយក្រសួងបរិស្ថានក្នុងការការពារ និងអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ការពារ ទេសភាពបឹង ព្រែកល្ពៅនេះ។ យើងខ្ញុំទាំងអស់គ្នានេះ នឹងបន្តគាំទ្រការងារអភិរក្សតំបន់ដីសើម ដ៏មានសក្តានុពលនេះ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨៣០៥ហិកតា និងសម្បូរទៅដោយ ជីវៈចម្រុះជាច្រើនប្រភេទក្នុងមានសត្វស្លាបចំនួន១៣២ប្រភេទ មច្ឆជាតិចំនួន១៣៨ប្រភេទ និងរុក្ខជាតិទឹក៣០ ប្រភេទ៕

May be an image of wading bird and nature

LEAVE A REPLY

Please enter your comment!
Please enter your name here