ភ្នំពេញ៖ ដំណឹងដ៏គួរឲ្យរំភើបចិត្ត កូនសត្វក្រពើភ្នំដែលជាប្រភេទសត្វដ៏កម្របំផុតសរុបចំនួន ៩ក្បាល និងមេមួយក្បាល ត្រូវបានប្រទះឃើញកាលពីសប្តាហ៍មុន កំពុងហែលនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវានៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមក្រសួងបរិស្ថាន។
ក្រសួងបរិស្ថានបន្តថា នៅក្នុងការបន្តតាមដានស្ថានភាពសត្វក្រពើភ្នំនៅក្នុងតំបន់នៃដែនជម្រក ក្រុមអ្នកស្រាវជ្រាវសត្វព្រៃមកពីក្រសួងបរិស្ថាន និងអង្គការ WWF បានអះអាងសាជាថ្មីអំពីវត្តមានរបស់ហ្វូងកូនសត្វក្រពើភ្នំដែលត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុកវត្តមានរបស់ពួកវាជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ (https://bit.ly/3fEjAyU )។
យោងតាមអ្នកជំនាញសត្វព្រៃរបស់អង្គការ WWF កូនសត្វក្រពើភ្នំទាំងនេះមានអាយុប្រមាណចន្លោះពី៧ ទៅ ៨ខែ ហើយពួកវាមានល័ក្ខខ័ណ្ឌសុខភាពល្អ។
អ្នកវិទ្យាសាស្រ្តក៏បានស្វាគមន៍នូវដំណឹងដ៏ល្អនៃការរស់រាន និងការលូតលាស់របស់កូនសត្វក្រពើភ្នំទាំងនេះ ព្រោះដោយមានការការពារនិងតាមដានបានត្រឹមត្រូវ និងជាប់លាប់។
អ្នកវិទ្យាសាស្រ្តក៏បានរំពឹងដែរថាពួកវានឹងចាប់ផ្តើមរស់នៅ និងដើររកស៊ីដោយឡែកពីគ្នានៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ដោយមានក្តីសង្ឃឹមថាកូនសត្វក្រពើភ្នំទាំងអស់នេះនឹងបន្តលូតលាស់ឈានដល់ភាពពេញវ័យដើម្បីអាចបន្តពូជបាននៅពេលអនាគត៕