លោកស្រី ឱ វណ្ណឌីន៖ ការមិនអនុវត្តវិធានការ ការពារខ្លួនពីកូវីដ-១៩ ជាការបើក ចំហរឲ្យវីរុសនេះ វាយលុកសរីរាង្គដោយងាយស្រួល

0
8

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានលើកឡើងថា ការព្រងេីយកន្តេីយ មិនអនុវត្តវិធានការ ការពារខ្លួន ជាមួយវីរុសកូវីដ-១៩ របស់ប្រជាពលរដ្ឋ គឺជាការបេីកលំហរដ៏ធំ សម្រាប់ឲ្យវីរុស នេះមានលទ្ធភាពវាយលុក សរីរាង្គមនុស្សដោយងាយស្រួល ។

តាមរយៈបណ្ដាញទំនាក់ទំនងតេលេក្រាម លោកស្រីរដ្ឋលេខាធិការ បានថ្លែង ថា “ការព្រងេីយកន្តេីយមិនអនុវត្តវិធានការការពារខ្លួន និងភាពសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩ នេះ ជាការបេីកលំហរដ៏ធំសម្រាប់ឲ្យវីរុសកូវីដ-១៩ មានលទ្ធភាពក្នុងការវាយលុកសរីរាង្គលោកអ្នក ដោយងាយស្រួល ហេីយលោកអ្នកក៏បង្កលក្ខណៈ និងដាក់ខ្លួនលោកអ្នកចូលទៅក្នុងហានិភ័យខ្ពស់នៃការចម្លងជំងឺនេះដែរ”។

លោកស្រីបន្តថា ប្រសិនបេីពលរដ្ឋ មិនចង់ឲ្យមានការផ្ទុះឡេីងនូវការចម្លងក្នុងសហគមន៍ ចាំបាច់ត្រូវរួមគ្នាការពារការចម្លងដោយអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងរបស់ក្រសួងសុខាភិបាល ឲ្យបានហ្មត់ចត់។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា ក្រសួងនៅតែបន្តអំពាវនាវឲ្យមានការចូលរួម ការពារការចម្លង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង និងមានការប្រុងប្រយ័ត្នជាប់ជានិច្ចរាល់ពេលដែលបុគ្គលចល័ត ឫធ្វេីដំណេីរ។ ក្រសួង នឹងបន្ត ស្រាវជ្រាវ និងតាមដានការរាតត្បាតជំងឺកូវីដ-១៩ ដោយយកចិត្តទុកដាក់ជាទីបំផុត។

ការថ្លែងរបស់លោកស្រីនេះ ក្រោយសង្កេតឃើញថា មានពលរដ្ឋមួយចំនួនដែលមកដើរលេងកម្សាន្តនៅតំបន់ទេសចរនានា មិនសូវពាក់ម៉ាស់ការពារខ្លួនពីជំងឺកូវីដ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២៩១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ២៨៣នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចំនួន៨នាក់អ្នកស្លាប់ គ្មាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here