បង្រ្កាបទីតាំងនាំសត្វជ្រូកខុសច្បាប់ពីប្រទេសថៃ នៅឃុំអូរបីជាន់

0
15

បន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបជាក់ស្ដែងទីតាំង លួចនាំចូលសត្វជ្រូកដោយខុសច្បាប់ពីប្រទេសថៃ និងផលិតផលពីសត្វ។ ការបង្ក្រាបនេះបានធ្វើឡើង នៅវេលាម៉ោង៧និង៣០នាទី កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២ នៅចំណុចភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។

បើយោងតាមប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មនិងរុក្ខាប្រម៉ាញ់  ខេត្ដបន្ទាយមានជ័យ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការលួចនាំចូលផលិតផលមានដើមកំណើតពីសត្វ ដោយខុសច្បាប់ពីប្រទេសជិតខាង មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបជាក់ស្ដែងទីតាំងមួយកន្លែង ដែលលួចនាំចូលសត្វជ្រូកដោយខុសច្បាប់ពីប្រទេសថៃនិងផលិតផលដើមកំណើតពីសត្វ ដែលមានម្ចាស់ឈ្មោះតាំ ជ័យ ភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅបណ្ដោះអាសន្ន  នៅភូមិអូរបីជាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្ដបន្ទាយបន្ទាយមានជ័យ ។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ ដោយម្ចាស់ទីតាំងបានដឹងខ្លួនមុន ហើយបានគាស់ទ្រុងព្រលែងសត្វជ្រូករស់ប្រមានជា៧០ក្បាលឲ្យរត់ចូលក្នុងព្រៃអស់នៅសល់តែ២ក្បាលក្នុងទ្រុង ហើយម្ចាស់ទីតាំងឈ្មោះតាំ ជ័យ ក៏បានរត់គេចខ្លួនបាត់ផងដែរ ។ ជាមួយគ្នានោះសមត្ថកិច្ចចម្រុះ បានឆែកឆេរទីតាំងនោះរកឃើញសត្វជ្រូកដែលធ្វើរួចំនួន៩ក្បាល។

ចំពោះម្ចាស់ទីឈ្មោះ តាំ ជ័យ ឲ្យមន្ត្រីជំនាញផលិតកម្មនិងបសុព្យា បាលខេត្ត រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here