ក្រុមហ៊ុនវិនិយោគ៤ បោះទុនសរុប១៤លាន ដុល្លារអាមេរិកបង្កើតរោងចក្រនៅកម្ពុជា

0
27

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមបឹ្រក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុញ្ញាតឲ្យក្រុមហ៊ុន ឯកជនចំនួន៤ បង្កើតរោងចក្រ ដើម្បីវិនិយោគអាជីវកម្ម របស់ខ្លួន រួមទាំងបង្កើតឱកាសការងារ បន្ថែមទៀត ដែលរោងចក្រចំនួន២ មានទីតាំងក្នុងខេត្តស្វាយរៀង ខណៈរោងចក្រមួយ ស្ថិតក្នុងខេត្ត ព្រះសីហនុ និងរាជធានីភ្នំពេញ។ គម្រោងទាំងនេះ មានទុនសរុបជាង១៤លានដុល្លារអាមេរិក និងអាចផ្តល់ឱកាសការងារបានជិត១ពាន់កន្លែង។

យោងតាម CDC បានអោយដឹងថា ក្រុមហ៊ុនវិនិយោគទាំង៤នេះ មានដូចជា ក្រុមហ៊ុន Southeast Asia Paint Chemical Industry Co., Ltd ក្រុមហ៊ុន Ying Hai Coating (Cambodia) Co., Ltd.: ក្រុមហ៊ុន Flying Feather (Cambodia) Wood Industry Co., Ltd. ដែល CDC បានចេញអនុញ្ញាតដោយចេញវិញ្ញាបនបត្រចុះបញ្ជីនៅថ្ងៃទី២៧ ខែតុលា និងថ្ងៃទី២៨ ខែតុលា អនុញ្ញាតចុះបញ្ជីឲ្យក្រុមហ៊ុន HUMBLE APPAREL MANUFACTURING CO., LTD។

ក្រុមហ៊ុនទាំងនោះរួមមាន៖

-ក្រុមហ៊ុន Southeast Asia Paint Chemical Industry Co., Ltd. បានស្នើសុំបង្កើតរោងចក្រផលិតថ្នាំលាប កាវទឹក និងសារធាតុរំលាយ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ខេត្តស្វាយរៀង។ ក្រុមហ៊ុននេះមានទុនវិនិយោគចំនួន ៥០០ពាន់ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០កន្លែង។

-ក្រុមហ៊ុន Ying Hai Coating (Cambodia) Co., Ltd.បានសុំបង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារទោចក្រយាន ទឹកថ្នាំ បោះពុម្ភតែម និងសម្ភារវេចខ្ចប់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង។ ក្រុមហ៊ុននេះ មានទុនវិនិយោគចំនួន ១,៩៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣០កន្លែង។

-ក្រុមហ៊ុន Flying Feather (Cambodia) Wood Industry Co., Ltd. ស្នើវិនិយោគគម្រោងបង្កើតរោងចក្រផលិតស៊ុមទ្វារ គ្រឿងបំណែកគ្រឿងសង្ហារឹម និងសម្ភារតុបតែងធ្វើពីឈើ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រមទាំងមានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

-ក្រុមហ៊ុន HUMBLE APPAREL MANUFACTURING CO., LTD បានស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៩៧កន្លែង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here