មិនទុកយូ! គយចាប់ផ្តើមប្រតិបត្តិការ ចុះបង្ក្រាបរថយន្តអត់ពន្ធ តាមទីសាធារណៈ

0
4

ភ្នំពេញ៖ នៅដើមខែមករា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាកម្ពុជា បានចាប់ផ្តើមប្រតិបត្តិការចុះបង្ក្រាបរថយន្តអត់ពន្ធតាមទីសាធារណ: បន្ទាប់ពីទុកពេលឲ្យចូលបង់ពន្ធជាច្រើនខែ។

ជាក់ស្តែង នៅដើមខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាកម្ពុជា ចុះត្រួតពិនិត្យអនុលោមភាព ជាលក្ខណ:ភ្លៀងរលឹម នៅតាមទីសាធារណ:ដោយបង្ក្រាប បាននូវរថយន្តទេសចរណ៍ចំនួន២ គ្រឿង គឺរថយន្តម៉ាក Ford Ranger XLS Pick-up ចង្កូតឆ្វេង ពណ៌ប្រផេះ ឆ្នាំ២០១៩ និង រថយន្តម៉ាក Lexus NX 200t ចង្កូតឆ្វេងពណ៌ស ឆ្នាំ២០១៦ ដែលបានប្រើប្រាស់ផ្លាកលេខក្លែងក្លាយ។ ករណីនេះគឺតម្រូវឱ្យម្ចាស់ចូលខ្លួន មកដោះស្រាយដោយបង់ពន្ធអាករ និងពិន័យតាមច្បាប់ជាធរមាន។

សូមជម្រាបថា អនុលោមតាមខ្លឹមសារលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណ:រដ្ឋមន្ត្រី និងយោងតាមសេចក្តីជូនដំណឹងលេខ ១៩៨៣/២១ អគរ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាកម្ពុជា ស្តីពីការអនុវត្តគោលការណ៍ និងយន្តការនៃការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលកំពុងជ្រកក្រោមផ្លាកលេខផ្សេងៗ។

ការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ និងអាករត្រូវបង់ចំនួន១០% សម្រាប់យន្តចង្កូតឆ្វេង ត្រូវបានបញ្ចប់កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងសន្និសីទសារព័ត៌មាន លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាកម្ពុជា បានលើកឡើងម្តងទៀត ពីឱសាទវាទនៃការបន្ធូរបន្ថយប្រាក់ពន្ធ និងអាករ ១០% សម្រាប់រថយន្តចង្កូតឆ្វេង គឺនៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ទន្ទឹមនឹងនេះដែរ លោក គុណ ញឹម ក៏បានសង្កត់ធ្ងន់ថា យុទ្ធនាការបង្ក្រាបនឹងត្រូវចាប់ផ្តើម នៅក្រោយឱសានវាទនេះ។

ដើម្បីចៀសវាងនូវការខាតបង់ជាយថាហេតុ សូមម្ចាស់រថយន្តគ្មានពន្ធទាំងចង្កូតឆ្វេង និងចង្កូតស្តាំ ត្រូវរួសរាន់ចូលខ្លួន ទៅបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលឱ្យបានគ្រប់ៗគ្នា ដើម្បីអាចចុះបញ្ជីធ្វើផ្លាកបើកបរលើផ្លូវសាធារណ: ស្របតាមច្បាប់ចរាចរណ៍ផ្លូវគោកនៃកម្ពុជា ដែលនៅជាធរមាន។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលប្រមូលចំណូលថវិកាជាតិ បានជិត៥០លានដុល្លារ ពីការអនុញ្ញាតឲ្យរថយន្ដអត់ពន្ធចង្កូតស្ដាំ និងឆ្វេង ចូលមកបង់ពន្ធ ត្រឹមឱសានវាទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here