បាត់ដំបង៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមនឹងក្រុមអន្តរាគមន៍ ចុះបង្ក្រាបករណីរំលោភលើទំនុកចិត្ត( យកម៉ូតូតាមបណ្ដាញសង្គមហ្វេសប៊ុក)១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២២ នៅចំណុចរង្វង់មូលរូបសំណាកមនុស្សជិះសេះ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ជា ពិសិត ភេទប្រុស អាយុ៣៧ ឆ្នាំមានទី លំនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតរួមមាន៖ កូនសោរម៉ូតូ ចំនួន៥ , ស៊ីមកាតចំនួន៤, បណ្ណ័បើកបរចំនួន១សន្លឹក, ស្លាកលេខម៉ូតូចំនួន៧សន្លឹក, ម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពីពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខសៀមរាប1AK-2419, ម៉ូតូ១ គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២២ គ្មានស្លាកលេខ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២១ ជនរងគ្រោះ ឈ្មោះ សឺន សាម៉ៃ ភេទស្រី អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្គាល់ជនសង្ស័យខាងលើតាមបណ្តាញសង្គមហ្វេសប៊ុក ដោយជនសង្ស័យបានទំនាក់ទំនងប្រាប់ ទៅជនរងគ្រោះថារូបគេជាគ្រូពេទ្យទាហានប្រចាំការនៅភ្នំពេញ រហូតដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានប្រាប់ជនរងគ្រោះថា រូបគេយកថ្នាំវាក់សាំងសម្រាប់ដូសទី៣ មកចាក់នៅខេត្តបាត់ដំបង រហូតដល់វេលាម៉ោង១៣និង០០នាទីថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះតាមឆាត ថារូបគេមកដល់ខេត្តបាត់ដំបងហើយ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ពេលនោះជនរងគ្រោះក៏បានជិះម៉ូតូ ម៉ាកហុងដាPCX ពណ៌ស ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខបាត់ដំបង1AD-6850 ចេញពីផ្ទះមករកទិញថ្នាំលេបផង ក៏មកជួបជនសង្ស័យនៅចំណុចមុខពេទ្យនៅពេលជួបគ្នាជនសង្ស័យបានប្រាប់ជនរងគ្រោះថារូបគេមិនទាន់បានហូបបាយទេ ដោយឱ្យជនរងគ្រោះជូនទៅរកកន្លែងហូបបាយ នៅពេលជូនទៅដល់កន្លែងហូបបាយ ជនសង័្សយប្រាប់ជនរងគ្រោះថាមានគេទូរស័ព្ទឱ្យរូបគេទៅយកថ្នាំ ហើយពេលនោះជនសង័្សយបានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះដើម្បីជិះទៅយកថ្នាំ។
ពេលនោះជនរងគ្រោះបានសុខចិត្តប្រគល់ម៉ូតូឱ្យទៅជនសង័្សយហើយជនសង័្សយបានជិះម៉ូតូនោះទៅបាត់រហូត។ ដោយរង់ចាំបាត់យូរពេកមិនឃើញជនសង័្សយជិះម៉ូតូត្រឡប់មកវិញ ទើបជនរងគ្រោះមានការសង័្សយថា រូបគាត់ពិតជាចាញ់បោកជនសង័្សយខាងលើនោះហើយ ដូចនេះរូបគាត់បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលដើម្បីធ្វើការស្រាវជ្រាវ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយ សារភាពថាកន្លងមករូបគេធ្លាប់បានធ្វើសកម្មភាព ដូចខាងលើ នេះចំនួន៤លើកមកហើយគឺ នៅក្នុងខេត្តឧត្តរមានជ័យចំនួន២លើក និង នៅក្នុងខេត្តពោធិ៍សាត់ចំនួន២លើក តែលើកចុងក្រោយនេះធ្វើសកម្មភាព នៅខេត្តបាត់ដំបងក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវនិងបង្រ្កាបបានតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ ការបន្តតាមនីតិវិធី ច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕



