រកឃើញអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ថ្មី លើស្ត្រីជនជាតិខ្មែរដែលត្រឡប់មកពីជប៉ុន

0
9

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន០១នាក់លើស្ត្រីជនជាតិខ្មែរម្នាក់ ដែលត្រឡប់មកពីប្រទេសជប៉ុន និងមិនមានករណី ជាសះស្បើយ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនេះ ជាស្ត្រីជនជាតិខ្មែរអាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា តាមជើងហោះហើរខាងលើនេះ មានបុរសជនជាតិប៉ូឡូញម្នាក់ បានធ្វើតេស្តលើកទី១ ពេលមកដល់កម្ពុជានោះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯអ្នកដំណើរចំនួន ២នាក់ ដែលមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ នៅពេលនោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅតាមសណ្ឋាគារចំនួន ០៣កន្លែងនៅក្នុងរាជធានីភ្នំពេញ (ចំនួន២៦នាក់) និងនៅមណ្ឌលទ័ពអាកាស ចំនួន២៦នាក់ (ដែលនៅក្នុងចំនួននេះ មានស្ត្រីដែលរកឃើញមានវីរុសកូវីដ-១៩ ខាងលើនេះដែរ)។ ដូច្នេះ អ្នកដំណើរដែលនៅមណ្ឌលទ័ពអាកាស ទាំង២៥នាក់ ដែលមានហានិភ័យក្នុងការចម្លងបន្តពីស្ត្រីខាងលើនេះ តម្រូវឱ្យនៅបន្តធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាពជាបន្ត។

បញ្ជាក់ថា គិតថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន២៩២នាក់ (ស្រី្ត ៦០នាក់ និងបុរស ២៣២នាក់) ក្នុងអ្នកព្យាបាលជាសះស្បើយ សរុបចំនួន២៨៣នាក់ (ស្រី៥៧នាក់ និងបុរស២២៦នាក់) និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន០៩នាក់ និងគ្មានអ្នកស្លាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here