​កម្លាំងការពារ​ព្រំដែន​ឃាត់ខ្លួន​ពលរដ្ឋខ្មែរ​២១​នាក់​ បម្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​ប្រទេស​ថៃ​ ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ា​ឡៃ​

0
11

បន្ទាយ​មាន​ជ័យ​៖​ ទោះបី​មានការ​ណែនាំ​ពី​សមត្ថកិច្ច​អំពី​កលល្បិច​របស់​ជន​ឆបោក​(​មេ​ខ្ស​ល់​)​ជា​ច្រើន​លើក​ច្រើន​សា​ក៏​ដោយ​ ក៏​នៅ​តែ​មាន​ពលករ​មួយ​ចំនួន​នៅ​តែ​ចាញ់បោក​មេខ្យល់​នាំ​លួច​ឆ្លង​ដែន​ខុសច្បាប់​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិតខាង​ជា​រឿយ​។​

​ជាក់ស្ដែង​នៅ​យប់​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០២២​ ត្រង់​ចំណុច​ ភូមិ​ឈើទាល​ ឃុំ​អូរ​ស្រឡៅ​ ស្រុក​ម៉ា​ឡៃ​ កម្លាំង​វរ​សេនា​តូច​នគរបាល​ព្រំដែន​គោក​លេខ​៨១៥​ បាន​សហការ​ជាមួយ​អន្តរាគមន៍​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣​ នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១​ ធ្វើការ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ ប្រុស​ស្រី​ ចំនួន​២១​នាក់​ ក្នុង​នោះ​កុមារ​១​នាក់​ បម្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ ចំនួន​២​ករណី​ ដោយឡែក​ពី​គ្នា​ ក្នុងភូមិ​សាស្ត្រ​ ស្រុក​ម៉ា​ឡៃ​ ។​

លោក​វរសេនីយ៍ឯក​ សួង​ សៅ​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មាន​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​ ពី​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ឲ្យ​កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​ ត្រូវ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ ក្នុង​ការ​រឹត​បន្តឹង​សន្តិសុខ​និង​ទប់ស្កាត់​ពលករ​លួច​ឆ្លង​ដែន​ ដើម្បី​ទប់​ស្ក​កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ពិសេស​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​ កុំ​ឲ្យ​មានការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ និង​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រកមុខ​សញ្ញា​មេខ្យល់​ ដើម្បី​ចាប់ខ្លួន​បញ្ជូន​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​

​លោក​មេបញ្ជាការ​​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​២១​ ខែ​ មក​រា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៩​និង​១៥​នាទី​ កម្លាំង​ប៉ុស្តិ៍​ស្វាយព្រៃ​ សហការ​ជាមួយ​កម្លាំងយោធា​កងពល​៥១​ បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​ចំនួន​១៦​នាក់​ បម្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ តាម​ភូមិសាស្ត្រ​ ប៉ុស្តិ៍​ស្វាយព្រៃ​ ពួក​គាត់​មក​ពី​ខេត្ដ​ចំនួន​២​គឺ​៖​ខេត្តសៀមរាប​ចំនួន​ ១៤​នាក់​និង​បាត់ដំបង​២​នាក់​។​ នៅ​យប់​ថ្ងៃ​ដដែល​ វេលា​ម៉ោង​១១​និង​៤៥​នាទី​ កម្លាំង​ប៉ុស្តិ៍​ក្បាល​ទំនប់​ចំនួន​៥​នាក់​សហការ​ជាមួយ​យោធា​កងពល​៥១​ និង​កម្លាំង​ផ្នែក​សឹក​រង​ស្រុក​ម៉ា​ឡៃ​ បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់​ (​ស្រី​២​នាក់់​)​ ស្ថិត​ក្នុងភូមិ​បន្ទាយ​ទី​២​ ឃុំ​អូរ​សំព័រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ពួក​គាត់​ទាំង​៥​នាក់​មាន​ទីលំនៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​។​

​ពលរដ្ឋ​ដែល​ឃាត់ខ្លួន​ទាំង​២​ករណី​សរុប​ចំនួន​២១​នាក់​ ក្នុង​នោះ​កុមារ​១​នាក់​ បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ ដើម្បី​សួរនាំ​ និង​មាន​វិធានការ​បន្ត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here