បន្ទាយមានជ័យ៖ បុរសម្នាក់ប្រើប្រាស់គ្រឿងញៀន និងផឹកស្រាស្រវឹង បានប្រើហិង្សាយកខ្សែក្រវាត់វាយកូនអាយុ៥ឆ្នាំរបួសពេញខ្លួន ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ចាប់ខ្លួនប្រគល់ឲ្យនគរបាលស្រុកថ្មពួក ។
ករណីអំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនបង្កជាឪពុកបង្កើតឈ្មោះ ថា សុភ័ក្រ អាយុ៣១ឆ្នាំ និងកូនប្រុសជាជនរងគ្រោះឈ្មោះ សុខ ភក្តី អាយុ៥ឆ្នាំ ទាំង២នាក់ឲ្យកូនរស់នៅភូមិត្រពាំងសំរោង ឃុះគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលបានបញ្ជាក់ថា ជនបង្កជាមនុស្សញៀនស្រា និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានប្រពន្ធលែងលះរយៈពេល៥ឆ្នាំមកហើយ ដោយទុកកូនខាងប្តីជាអ្នកមើលថែ។ នៅមុនពេលកើតហេតុ ជនបង្កជាឪពុកបានផឹកស្រាស្រវឹង ហើយបានយកខ្សែក្រវាត់វាយទៅលើកូនរបស់ខ្លួនមានអាយុ៥ឆ្នាំ បណ្តាលឲ្យមានស្លាកស្នាមជាំពេញខ្លួន ។
ដោយឃើញពីទង្វើដ៏អាក្រក់នេះ ក៏ត្រូវបានអ្នកជិតខាងជួយឃាត់ និងមានការជួយអន្តរាគមន៍ពីកម្លាំងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨០៧ បានឃាត់ខ្លួនជនបង្កយកមកប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីធ្វើការសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីហើយដែរ៕
