ភ្នំពេញ៖ ក្រោយពីហ៊ុំព័ទ្ធរបងអស់មួយរយ:នេះពេលនេះគម្រោងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់ពិភពលោក Royal One ដែលជាអគារភ្លោះកម្ពស់ ៦៨ជាន់ របស់ក្រុមហ៊ុន Royal Group ដែលមានអ្នកឧកញ៉ាគិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល បានចាប់ផ្តើមបើកការដ្ឋានសាង់សាង់ជាផ្លូវការ។
តាមអង្កេតនៅក្នុងបរិវេណការរដ្ឋាននៃអគារភ្លោះពាណិជ្ជកម្ម Royal One គេឃើញមានគ្រឿងចក្ររបស់ក្រុមហ៊ុន SH Tech បាននិងកំពុងដំណើរសាងសង់ ដោយក្នុងនោះគេក៏ឃើញមានការរៀបចំពិធីក្រុងពាលីបុកគ្រឹះសងអគារនេះ ដោយមានការចូលរួមពីម្ចាស់អគារ និងកម្មករសំណង់ជាច្រើននាក់នៅក្នុងការរដ្ឋាននៃអគារ។

យោងតាមប្រភពជិតស្និទ្ធបានឱ្យដឹងថា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Royal Group និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសហការរួមគ្នាជាមួយវិនិយោគិនចិន បោះទុនទឹកប្រាក់ចំនួន ២៣០លានដុល្លារ សាងសាង់អគារភ្លោះពាណិជ្ជកម្មកម្ពស់ ៦៨ជាន់នេះ ដែលមានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីមន្នីវង្ស ព្រមទាំងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម និងប្រជុំដោយអគារខ្ពស់ៗដូចជា អគារកាណាឌីយ៉ា អគារវឌ្ឍន:ថៅវើរ រួមទាំងអគារ Exchange Square ជាដើម។
មជ្ឈមណ្ឌលពាណិជ្ជកម្ម Royal One នឹងមានសេវាកម្មចម្រុះដូចជា ខុនដូ ផ្សារទំនើប សណ្ឋាគារ ក្លឹបកម្សាន្ត ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន និងមជ្ឍមណ្ឌលកំសាន្តផ្សេងៗជាដើម៕