រដ្ឋមន្រ្តីក្រសួងកសិកម្មទទួលស្គាល់ថាវិស័យកសិកម្មកម្ពុជានៅមានបញ្ហាប្រឈមច្រើន

0
14

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុនបានទទួលស្គាល់ថា វិស័យកសិកម្មកម្ពុជានៅមានបញ្ហាប្រឈមជាច្រើន ដែលចាំបាច់ឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាគិតគូរដោះ ស្រាយ ឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ: ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២០ -២០២១ ជំនាន់ទី១៣ នៅប្រទេសអ៊ីស្រាអែល នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកវេង សាខុន បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មមានការវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ហើយការរីកចម្រើននេះគឺស្របទៅតាមបរិបទនៃកំណើនសេដ្ឋកិច្ចកំណើនប្រជាជននិន្នាការនៃសេចក្តីត្រូវការផលិតផលកសិកម្មប្រកបដោយដោយបរិមាណ និងគុណភាពនៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។

លោកបន្តថា ជាក់ស្តែង វិស័យផលិតកម្មបន្លែកសិករចាប់ផ្តើមដាំក្នុងផ្ទះសំណាញ់ ឈប់រែកទឹកស្រោចបន្លែ ប្រើប្រព័ន្ធដំណក់ ឬសាចស្រោចបន្លែជំនួស ឈប់ប្រើចបកាប់ដី តែប្រើគ្រឿងចក្រ ការប្រើពូជ ជី និងថ្នាំពុលកសិកម្មស្ថិតក្នុងលក្ខណបច្ចេកទេស និងក្នុងកម្រិតសុវត្ថិភាពទាំងផលិតផល សុខភាពអ្នកផលិត អ្នកបរិភោគ និងក្សេត្របរិស្ថាន ប្រើប្រាស់ប្រព័ន្ធ GAP ដើម្បីវាយតម្លៃ លើគុណភាពផលិត មានការចងក្រងបណ្តុំផលិត ជាសហគមន៍ និងអនុវត្តន៍តាមផលិតកម្មកសិកម្មតាមកិច្ច សន្យា។ល។

លោកឲ្យដឹងទៀតថា”ផ្ទុយទៅវិញយើងក៏ទទួលស្គាល់ថាវិស័យមួយនេះក៏នៅមានបញ្ហាប្រឈមជាច្រើនដែលចាំបាច់ឲ្យគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះក៏មាននិស្សិតទាំង ១៩៩នាក់ បន្ទាប់ពីបញ្ចប់កម្ម សិក្សា ត្រូវរួមគ្នាគិតគូដោះ ស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព កសិកម្មទំនើប មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍”។

លោករដ្ឋមន្រ្តីបន្ថែមថាជាពិសេសដើម្បីចូលរួមចំណែកជាកំលាំងចលករក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងបន្តចូលរួមសម្រេចមហិច្ឆិតារបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង ២០៥០។
ក្នុងឱកាសនោះលោកក៏បានផ្ដល់អនុសាសន៍មួយចំនួនដល់និស្សិតដែលត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ: ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២០ -២០២១ ជំនាន់ទី១៣ នៅប្រទេសអ៊ីស្រាអែល ដើម្បី
ជាធាតុចូលបន្ថែម ជាចំណេះដឹង បទពិសោធន៍ ជំហរស្មារតីរឹងមាំ សម្រាប់យកមកអភិវឌ្ឍន៍ប្រទេសជាតិវិញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here