ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះសព្វព្រះរាជហឫទ័យបានយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។
ក្នុងព្រះរាជសារជូនប្រជារាស្ត្រខ្មែរកាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅនេះ ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង បានមានព្រះរាជបន្ទូលថា ព្រះអង្គនឹងព្រះអវត្តមានពីកម្ពុជា ចាប់ពីថ្ងៃទី២១ ខែសីហាតទៅ។
ក្នុងកំលុងនៃព្រះអវត្តមាននេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងបំពេញភារកិច្ច ថ្វាយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី៕