ក្រសួងបរិស្ថាន៖​ តំបន់មេគង្គមានចំនួនសត្វត្រយងចង្កំកស ច្រើនជាងគេបំផុត ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ

0
9

ភ្នំពេញ៖ក្រុមស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF ព្រមទាំងមានការចូលរួមពីសហគមន៍មូលដ្ឋាន កាលពីថ្ងៃទី១៦ខែសីហា ឆ្នាំ២០២២ បានកត់ត្រាទុកវត្តមានសត្វត្រយងចង្កំកសសរុបចំនួន ៣៣០ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ១៧ កន្លែងនៃដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ខេត្តក្រចេះ ខណៈក្រុមស្រាវជ្រាវបានបន្តចុះតាមដានដើម្បីរាប់ចំនួនសត្វស្លាបនេះសម្រាប់ការធ្វើជំរឿនថ្នាក់ជាតិ។

យោងតាមក្រសួងបរិស្ថានបានឲ្យដឹងថា លទ្ធផលនេះ គឺជាការរាប់សត្វត្រយងចង្កំកសមានចំនួនច្រើនជាងគេបំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះនៅតំបន់មេគង្គ។ដោយឡែក នៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើតក្រុមស្រាវជ្រាវបានកត់ត្រាសត្វត្រយងចង្កំកសចំនួន ៧ក្បាល ព្រមទាំងទ្រនំរបស់ពួកវាចំនួន ២២កន្លែងផងដែរ។

ក្រសួងបានឲ្យដឹងទៀតថា សត្វត្រយងចង្កំកសត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ការតាមដាន និងរាប់ដើម្បីធ្វើបច្ចុប្បន្ននៃចំនួនសត្វនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីខែកក្កដា ដល់ខែតុលា។

ក្រសួងបរិស្ថានបញ្ជាក់ថា លទ្ធផលដែលទទួលបានពីការរាប់ចំនួនរបស់វានៅតាមដែនជម្រកធម្មជាតិទាំងអស់ ក្នុងនោះមានដែនជម្រកសត្វព្រៃសំបូរក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ និងតំបន់ព្រៃទេសភាពភាគខាងកើតផងដែរ នឹងរួមចំណែកដល់ការប៉ាន់ប្រមាណចំនួនសត្វត្រយងចង្កំកសសរុបទូទាំងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២២។

គួរកត់សម្គាល់ផងដែរថាតំបន់ព្រៃលិចទឹកមេគង្គគាំទ្រដល់ការរស់នៅរបស់ហ្វូងសត្វត្រយងចង្កំកសធំជាងគេបង្អស់លំដាប់ទីពីរពោលគឺមានចំនួន ២៥២ក្បាល ក្នុងឆ្នាំ២០២១ បន្ទាប់ពីដែនជម្រកសត្វព្រៃសៀមប៉ាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here