បេក្ខជនបន្តវេននាយករដ្ឋមន្ត្រី ប្តេជ្ញាបន្តធ្វើការជាមួយភាគីចិន ក្នុងការគាំទ្រគ្នាទៅវិញទៅមក

0
10

ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានប្តេជ្ញាបន្ត ធ្វើការជាមួយភាគីចិន ក្នុងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។

កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលជួប ពិភាក្សាការងារជាមួយ លោក លីវ ជានឆាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន។

ថ្លែងក្នុងឱកាសនោះលោក លីវ ជានឆាវ បានជម្រាបជូនថា គោលបំណង នៃទស្សនកិច្ចនេះ គឺដើម្បីពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

លោកបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍ លើគ្រប់វិស័យដែលប្រទេសកម្ពុជា សម្រេចបាន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម បានធ្វើឱ្យជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជាកាន់តែល្អប្រសើរនិងតួនាទី របស់កម្ពុជា លើឆាកអន្តរជាតិ កាន់តែត្រូវបានលើកកម្ពស់។ ភាគីមិត្ត បានសម្តែងនូវការគាំទ្រ យ៉ាងពេញទំហឹងដល់កម្ពុជាចំពោះភាពជាម្ចាស់ និងមាគ៌ាដឹកនាំ របស់ខ្លួនក្នុងការការពារសន្តិភាព អធិបតេយ្យភាព និងការអភិវឌ្ឍ ដោយគ្មានការជ្រៀតជ្រែក ពីខាងក្រៅ។

ជាការឆ្លើយតប លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណបក្សកុម្មុយនីស្តចិន ដែលជានិច្ចជាកាល តែងតែជួយឧបត្តម្ភគាំទ្រដល់គណបក្ស រដ្ឋាភិបាល និងប្រជាជនកម្ពុជា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានស្នើឱ្យមិត្តចិនបន្តជួយសម្រួលដល់និសិ្សតកម្ពុជា ក្នុងការវិលត្រឡប់ ទៅបន្តការសិក្សានៅប្រទេសចិនវិញ និងជួយជំរុញវិនិយោគិនចិន ឱ្យមកវិនិយោគ លើវិស័យកសិកម្ម និងបន្តជំរុញឱ្យមានអ្នកទេសចរណ៍មកទស្សនកិច្ចនៅកម្ពុជាកាន់តែច្រើន ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានល្អប្រសើរ។

បន្ថែមពីនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានជម្រាបជូនភាគីចិនថា គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាប្រទេសកាន់អំណាច ប្រកាន់ខ្ជាប់ចំពោះគោលនយោបាយចិនតែមួយឥតងាករេ នៅគ្រប់កាលៈទេសៈទាំងអស់។

លោកបណ្ឌិត ក៏បានប្តេជ្ញាបន្តធ្វើការជាមួយភាគីចិន ក្នុងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព វិបុលភាពរួម និងផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាទីបញ្ចប់ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹង និងពង្រីកនូវចំណងមិត្តភាពដែកថែប និងការកសាង សហគមន៍ជោគវាសនារួមកម្ពុជា-ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here