ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គោលបំណងរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) គឺចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់កម្លាំងបង្ក្រាបការប្រមូលផ្តុំរបស់ពួកគេ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា “ខ្ញុំបានចេញបទបញ្ជាថា អ្វីដែល លោក ខឹម វាសនា ចង់បាន នោះគឺចាប់បង្ខំឱ្យរាជរដ្ឋាភិបាលប្រើប្រាស់កម្លាំង គឺផ្ទេរពីអបិយជំនឿ ទៅកាន់នយោបាយតែម្តង សូមកុំចូលអន្ទាក់របស់ ខឹម វាសនា ឱ្យសោះ”។
សូមរំលឹកថា រយៈពេលប្រមាណជាង១សប្តាហ៍មកហើយ ដែលមានការឃោសនារបស់ លោក ខឹម វាសនា ថានឹងមានទឹកជំនន់លិចពិភពលោក រួមទាំងកម្ពុជាផងដែរ លើកលែងតែភ្នំគូលែនប៉ុណ្ណោះ។ លោកបានអំពាវនាវឱ្យសកម្មជនខ្លួន ចាកចោលផ្ទះសម្បែង និងការងារទៅកាន់ភ្នំគូលែន ដើម្បីរក្សាសុវត្ថិភាព ដែលក្នុងនោះក៏មានពលករខ្មែរមួយចំនួន មកពីប្រទេសកូរ៉េ ជប៉ុន និងប្រទេសថៃជាដើម។
សម្តេចតេជោ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ដែលប្រកាន់គោលការណ៍ប្រាកដនិយម បានចាត់ទុកថា ករណីនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ រួមទាំងពលករនៅក្រៅប្រទេសផងដែរបានចាញ់បោកធ្ងន់ធ្ងរ ដោយបានខាតបង់ពេលវេលា ការងារ និងប្រាក់កាក រួមទាំងបែកបាក់គ្រួសារផងដែរ៕