ប្រុងប្រយ័ត្ន! ជនអនាមិកប្រើ Google Drive ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យចូលទៅក្នុងគេហទំព័រដែលមានមេរោគ

0
9

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថាជនអនាមិកបានប្រើភាពចន្លោះប្រហោងនៅក្នុង Google Drive ដើម្បីផ្ញើអ៊ីមែលឬការជូនដំណឹង ទៅឱ្យអ្នកប្រើប្រាស់ដែលមានភ្ជាប់មកជាមួយនូវមេរោគ។

យោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានឲ្យដឹងថា ការបោកបញ្ឆោតនេះគឺមិនមែនជារឿងថ្មីអីនោះទេ ហើយវាក៏ស្រដៀងទៅនឹងការបោក បញ្ឆោត តាមរយៈអ៊ីមែលធម្មតា (Phishing) ដែលអ្នកប្រើប្រាស់ភាគច្រើនបានដឹងយូរមកហើយដែរ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះអ្នកប្រើប្រាស់ជាច្រើនបានទទួលការជូនដំណឹងតាមរយៈ Google Drive ដែលមានតំណភ្ជាប់ទៅគេហទំព័រដែលមានមេរោគ។ នៅពេលដែលពួកគេចុចនៅលើតំណភ្ជាប់នោះវានឹងទាមទារឱ្យចុចលើតំណភ្ជាប់ផ្សេងៗទៀត ដើម្បីឈ្នះរង្វាន់ ចូលមើលគណនីធនាគារ ឬក៏ដើម្បីទទួលបានប្រាក់ជាដើម។

ទោះបីជាការបោកបញ្ឆោតនេះមិនមានអ្វីថ្មីក៏ដោយ ប៉ុន្តែវាមានប្រសិទ្ធិភាពក្នុងការបោកបញ្ឆោតអ្នកប្រើប្រាស់ដោយសារតែអ៊ីមែលឬការជូនដំណឹងទាំងនោះ ត្រូវបានផ្ញើចេញពីកម្មវិធី Google Drive ដោយផ្ទាល់។ មូលហេតុដែលនាំឱ្យជនអនាមិកងាកមកប្រើ Google Drive ដើម្បីវាយប្រហារតាមរយៈ Phishing នោះគឺដោយសារតែកម្មវិធីអ៊ីមែលភាគច្រើន មានប្រព័ន្ធការពារក្នុងការស្វែងរកមេរោគមុននឹងអ៊ីមែលនោះត្រូវបានផ្ញើទៅឱ្យអ្នកប្រើប្រាស់។

ដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានសូមឱ្យលោកអ្នកមានការប្រុងប្រយ័ត្នក្នុងការចុចលើតំណភ្ជាប់ណាមួយនោះ។ សូមកុំចុចលើតំណភ្ជាប់ ដែលលោកអ្នកពុំបានស្នើសុំ ឬមកពីប្រភពមិនដែលបានស្គាល់ ជាពិសេសសូមមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានអ៊ីមែលជាភាសាដែលមិនស្គាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here