ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាជពលរដ្ឋ ប្រុងប្រយ័ត្នចំពោះ បាតុភូតធម្មជាតិ ខណៈកម្ពុជាបន្តមានភ្លៀងធ្លាក់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយ កាត់លើ កម្ពុជាជាមួយនិងខ្យល់មូសុងនិរតីខ្សោយ។ ទន្ទឹមនោះការជួបប្រសព្វគ្នារវាងទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន (ភាគខាងជើង) និងសម្ពាធទាបដែលរុញពីក្រោម ក៏មានឥទ្ធិពលលើកម្ពុជាផងដែរ ។
ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ ភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់ នៅលើផ្ទៃប្រទេស ដោយក្នុងនោះ៖
១-តំបន់ទំនាបកណ្តាលសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C និងអាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ផ្នែកខ្លះនៃបណ្តាខេត្តនៅភាគពាយ័ព្យ និងភាគខាងជើងជាប់ប្រទេសវៀតណាម ភ្លៀងអាចធ្លាក់ច្រើន ដោយអន្លើ។
២-តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C និងអាចមានភ្លៀងក្នុងកំរិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣-តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C និងអាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ជាមួយគ្នានោះក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាជពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕