អ្នករស់រានមានជីវិតក្នុងឧប្បទ្ទវហេតុលិចទូកដរ បានទទួលការឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

0
9

ភ្នំពេញ៖ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៅថ្ងៃទី ១៥ ខែតុលាឆ្នាំ២០២២ បានបន្តចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគថវិកា ទៅឧបត្ថម្ភដល់កុមារ ៤នាក់ និងប្រជាពលរដ្ឋដែលរួមដំណើរលើទូក ២នាក់ទៀត ដែលនៅរស់រានមានជីវិតពីព្រឹត្តិការណ៍ដ៏តក់ស្លុតនេះ ដល់គេហដ្ឋានរបស់ពួកគេផ្ទាល់ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដើម្បីលើកទឹកចិត្តដល់ចៅៗក្មួយៗដែលរួចផុតពីការស្លាប់ដោយហេតុការណ៍នេះ។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានបញ្ជាក់ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកអ្នករួចជីវិតពីគ្រោះដ៏សង្វេគមួយនេះ សុទ្ធសឹងជាអ្នកមានបុណ្យវាសនាខ្ពស់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើឱ្យចៅៗជាសិស្សទាំងអស់បន្តថែទាំសុខភាព ប្រឹងប្រែងសិក្សារៀនសូត្រ ជាពិសេសត្រូវប្រយ័ត្នចំពោះចរាចរណ៍ផ្លូវទឹកនៅពេលឆ្លងទៅសិក្សា ដោយពាក់អាវពោងជាប្រចាំពេលឆ្លងទឹក ដើម្បីកុំឱ្យជួបគ្រោះអកុសលបែបនេះទៀត។ ហើយចំពោះ អ្នកប្រកបរបរអាជីវកម្មទូកចម្លងនេះ ក៏ត្រូវមានអាវពោងសម្រាប់ការពារគ្រប់គ្រាន់ និងត្រូវពិនិត្យបច្ចេកទេសទូកឱ្យបានត្រឹមត្រូវដើម្បីសុខសុវត្ថិភាពរបស់អ្នកធ្វើដំណើរ ព្រោះថាយើងមានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកហើយ ក៏ប៉ុន្តែយើងក៏ត្រូវគិតគូរពីសុវត្ថិភាពចរាចរណ៍តាមផ្លូវទឹកផងដែរ។»

គ្រួសាររបស់សិស្ស និងពលរដ្ឋរួចផុតជីវិតពីគ្រោះលិចទូកនេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ខ្វាយខ្វល់ដល់ប្រជាពលរដ្ឋគ្រប់រូបរាល់ពេលមានទុក្ខលំបាកដោយគ្មានការរើសអើងអ្វីឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here