ភ្នំពេញ៖ នៅចុងសប្តាហ៍នេះ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះ ពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅក្នុងតំបន់ទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោរ នៅសាលាបឋមសិក្សា ទួលសំបូរដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA និងអជ្ញាធរ យុវជន និងផ្នែដែលពាក់ព័ន្ធផ្សេងទៀត។
លោកស្រី ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការបង្ខិតសេវាព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ(TYDA) បានចុះព្យាបាលបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តសហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។
លោកស្រីបានបញ្ជាក់ថា នេះជាសកម្មភាពថ្មីក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាជន ក្នុងសហគមន៍ក្រីក្រជាយរាជធានីភ្នំពេញ ដែលពីមុនមកសកម្មភាពនេះ ជាសកម្មភាពចុះអប់រំសុខភាព តាមខ្នងផ្ទះដល់សហគមន៍ ហើយនេះជាលើកទី២ហើយដែលចុះព្យាបាលដល់សហគមន៍ ក្រីក្រដើម្បីបង្ខិតការផ្តល់សេវាសុខភាពជូនដល់ប្រជាជនដែលនៅក្នុងតំបន់សហគមន៍ក្រីក្រ។
សូមបញ្ជាក់ផងដែរថា សមាគម TYDA ធ្លាប់បានចុះចុះទៅអប់រំសុខភាព និងចុះចែកអំណោយជូនដល់ សហគមន៍ដែលទទួលរងគ្រោះដោយទឹកជំនន់ព្រែកត្នោត និងបានចុះអប់រំសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាទួលសំបូរនេះផងដែរ៕