ប្រសើរណាស់! សិង្ហបុរីសន្យាជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន ដើម្បីទាក់ទាញទេសចរមកលេងកម្ពុជាឱ្យបានច្រើន

0
7

ភ្នំពេញ៖ លោក ម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលទើបចប់អាណត្តិ បានសន្យា នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា ប្រាប់ ដល់ភ្ញៀវទេសចរនៅប្រទេសសិង្ហបុរី ដើម្បីជំរុញឱ្យពួកគេបានស្គាល់ និងមកទស្សនាប្រទេសកម្ពុជា ពិសេសនៅពេលចប់វិបត្តិជំងឺកូវីដ-១៩។

ការសន្យារបស់ឯកអគ្គរដ្ឋទូតសិង្ហបុរី បែបនេះ បានធ្វើឡើងក្នុងឱកាសចូលជួបជម្រាបលាលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ មុនចាកចេញពីកម្ពុជាត្រលប់ទៅសិង្ហបុរីវិញ។

នាឳកាសនោះដែរ លោក ថោង ខុន បានលើកឡើងថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ដោយបានបង្កើតឱ្យមានមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (Cambodia-Singapore Cooperation Center) ក្នុងនោះមានមន្ត្រីរាជការ និងនិស្សិតកម្ពុជាបានទៅចូលរួមទទួលការបណ្ដុះបណ្ដាលបានជាច្រើនផងដែរ។

ជាមួយគ្នានោះ ស្ថានទូតសិង្ហបុរី និងក្រសួងទេសចរណ៍ក៏បានផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍ Street Art Fistival នៅរាជធានីភ្នំពេញ ដែលបានបង្ហាញពីគោលដៅទេសចរណ៍ និងម្ហូបអាហាររបស់កម្ពុជាផងដែរ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោក រដ្ឋមន្ត្រីបានសង្កេតឃើញមានភ្ញៀវទេសចរមកពីសិង្ហបុរីមានការកើនឡើង នៅមុនពេលមានបញ្ហាជំងឺកូវីដ ហើយពីកម្ពុជាទៅកាន់សិង្ហបុរីក៏ មានការកើនឡើងច្រើន រួមទាំងអ្នកវិនិយោគផងដែរ។
លើសពីនេះទៀត លោក ថោង ខុន បានស្នើឱ្យឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់មិត្តសិង្ហបុរីរូបនេះ ជួយទាក់ទាញអ្នកវិនិយោគរបស់ខ្លួនឱ្យមកវិនិយោគទុននៅកម្ពុជាឱ្យបានច្រើន ពិសេសលើវិស័យទេសចរណ៍និងស្នើដល់សិង្ហបុរីជួយឧបត្ថម្ភគាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញទេសចរណ៍កម្ពុជា ស្របតាមកម្មវិធីសិក្សាអាស៊ាន ដែលរដ្ឋាភិបាលសិង្ហបុរី ធ្លាប់ជួយគាំទ្រអាស៊ានកន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here