រដ្ឋបាលខេត្តបាត់ដំបង ជួបពិភាក្សាការងារជាមួយខេត្តច័ន្ទបុរីប្រទេសថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

0
7

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានផ្តល់នូវជំនួបពិភាក្សាការងារជាមួយឯកឧត្តម មន្ដសិទ្ធិ៍ ផៃសានធនវ័ត្នអភិបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការរវាងខេត្ដទាំងពីរ(បាត់ដំបងច័ន្ទបុរី)ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

នៅក្នុងជំនួបពិភាក្សាការងារដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៣ ភាគីទាំងពីរកម្ពុជាថៃបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្កើនការយោគយល់គ្នា និងមិត្តភាពរវាងខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី ដែលបានជួយដល់កំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលបានរស់នៅតំបន់ព្រំដែន។

នៅក្នុងកិច្ចជំនួបពេលនេះគឺពិតជាមានសារៈសំខាន់ ដែលភាគីខេត្តទាំងពីរធ្លាប់បានជួបពិភាក្សាការងារកន្លងមកផងដែរ។ប៉ុន្តែដោយសារតែស្ថានភាពនៃការរាតត្បាតពីការឆ្លងរាលដាលនៃជម្ងឺកូវីដ.19កន្លងទៅបានធ្វើឲ្យកិច្ចពិភាក្សាការងាររវាងភាគីទាំងពីរមានការខកខានមិនសូវបានជួបប្រជុំគ្នា។

ទោះបីយ៉ាងនេះក្តី កិច្ចទំនាក់ទំនងល្អរវាងខេត្តទាំងពីរ ប្រជាជនទាំងពីរនិងប្រទេសទាំងពីរ នៅតែបន្តកិច្ចសហការជាមួយគ្នានិងកាន់តែបង្កើននូវកិច្ចសហប្រតិបត្តិការទំនាក់ទំនងការងារបានកាន់តែល្អជិតស្និទ្ធ ដើម្បីជំរុញឲ្យមានការអភិវឌ្ឍរីកចំរើនបន្ថែមទៀត។តាមរយៈនេះផងដែរ ខេត្តបាត់ដំបងនិងបណ្តាខេត្តដែលជាប់ ព្រំដែនជាមួយគ្នា បានជម្រុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យ ដែលស្របទៅនឹងគោលនយោបាយរបស់រាជ រដ្ឋាភិបាល និងអនុស្សរណៈយោគយល់គ្នារបស់ភាគីទាំងពីរ និងស្របទៅតាមគោលបំណងរួម ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង (ព្រះរាជាណាចក្រកម្ពុជា)និងឯកឧត្តម មន្ដសិទ្ធិ៍ផៃសានធនវ័ត្ន អភិបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ បានវាយតម្លៃខ្ពស់ពីចំណងមិត្តភាពសាមគ្គីភាពរវាងប្រជាជនកម្ពុជានិងប្រជាជនថៃ គឺជាចំណងមិត្តភាពប្រពៃណីដ៏ល្អហើយភាគីទាំងពីរ ក៏បានប្ដេជ្ញាក្នុងការបង្កើន នូវ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតដើម្បីជំរុញឱ្យមានការអភិវឌ្ឍរីកចម្រើន ដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងផ្តល់នូវអត្ថប្រយោជន៍រួមគ្នា ក្នុងដែននៃសមត្ថកិច្ចតាមលក្ខខណ្ឌច្បាប់ លិខិតបទដ្ឋាន របស់ ប្រទេសទាំងពីរ (កម្ពុជាថៃ)

បន្ថែមទៀតនោះ ភាគីទាំងពីរ ថែមទាំងបានជំរុញការពង្រីកកិច្ចសហប្រតិបត្តិការ លើការបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទជាពិសេសគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាឱ្យតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីប្រែក្លាយតំបន់ព្រំដែនជាព្រំដែន មានសន្តិភាព ការអភិវឌ្ឍ រីកចម្រើននិងប្រជាពលរដ្ឋបានប្រកបមុខរបររកស៊ីនិងរស់នៅប្រកបដោយភាពសុខដុមរមនា។

គួរបញ្ជាក់ថា ការដោះដូរទំនិញឆ្លងកាត់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី មានដូចជា៖រថយន្ត សម្ភារៈគ្រឿងសំណង់ ជី ថ្នាំកសិកម្ម ភេសជ្ជៈ ស្រាបៀរ ទឹកបរិសុទ្ធ គ្រឿងឧបភោគបរិភោគ បន្លែ ផ្លែឈើ គ្រឿងអេឡិចត្រូនិក ផលិតផលវាយនភណ្ឌ និងគ្រឿងបន្លាស់រថយន្តជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here