បាត់ដំបង៖ ថ្លែងនៅក្នុងកម្មវិធីនៃមហាសន្និបាត លើកទី២៥ របស់ធនាគារ ហត្ថា នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារហត្ថា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលមហាគ្រួសារធនាគារហត្ថា ដែលសម្រេចបាន ក្នុងឆ្នាំ២០២២ កន្លងទៅ ក្នុងការដាក់ចេញនូវផលិតផលថ្មីៗ ដើម្បីបម្រើនិងបំពេញតម្រូវការជាក់ស្តែងរបស់អតិថិជន និងការបង្កើននូវគុណភាពផលិតផល ដែលមានស្រាប់ ព្រមទាំងការពង្រីកវិសាលភាពនៃបណ្ដាញដៃគូពាណិជ្ជករ KHQR ទូទាំងប្រទេស ក្នុងការបន្តសហការជាមួយដៃគូអាជីវកម្ម និងពិសេសបំផុតគឺការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដូចជាកម្មវិធី Hattha Mobile ជំនាន់ទី៣ ជាដើម ដែលជាការបោះជំហានផ្នែកបច្ចេកវិទ្យាឌីជីថលប្រកបដោយនវានុវត្តន៍ ក្នុងការជំរុញឱ្យសេវាកម្មធនាគាររបស់យើងកាន់តែមានភាពរស់រវើក ទំនើបនិងរហ័ស ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ អតិថិជន ប្រកបដោយប្រសិទ្ធភាព និងជាទីគាប់ចិត្តបំផុត។
ការថ្លែងរបស់លោកឧកញ៉ា ហួត អៀងតុងប្រធានអគ្គនាយក ធនាគារហត្ថា បែបនេះធ្វើឡើងក្នុងឱកាសបើកមហាសន្និបាតប្រចាំឆ្នាំលើកទី២៥របស់ខ្លួន សម្រាប់ឆ្នាំ២០២២ ក្រោមប្រធានបទ“ការពង្រីកអាជីវកម្មប្រកបដោយគុណភាព“ដែលបានប្រព្រឹត្តទៅ នៅសាលមហោស្រពស្ទឹងសង្កែ ទីប្រជុំជនក្រុង–ខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក នៃក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និង ថ្នាក់គ្រប់គ្រង របស់ធនាគារ ហត្ថា សរុបប្រមាណ ៥០០នាក់។
សមិទ្ធផលដែល ធនាគារហត្ថា សម្រេចបាននៅឆ្នាំ២០២២ និងទិសដៅផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៣ និងដើម្បីសម្ដែងការកោតសរសើរចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តពេញមួយឆ្នាំ រហូតសម្រេចបានភាពជោគជ័យ ដ៏ត្រចះត្រចង់ ជូនស្ថាប័ន។និងផ្តោតនូវគោលបំណង ក្នុងការរៀបចំជាវេទិកាមួយ ផ្តល់ឱកាសដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃ ធនាគារហត្ថា អាចជួបជុំសំណេះសំណាលដើម្បីបង្កើនស្មារតីសហការគ្នា សាមគ្គីភាព និងភាតរភាព ក្នុងនាមជាសមាជិកនៃមហាគ្រួសារ ធនាគារ ហត្ថា ព្រមទាំងផ្សាភ្ជាប់ការតាំងចិត្តក្នុងការសម្រេចផែនការក្នុងឆ្នាំថ្មីខាងមុខនេះ។
លោក ឧកញ៉ា ហួត អៀងតុង បានបន្តថា «ឆ្នាំ២០២២ កន្លងមកនេះ ចាត់ទុកថា៖គឺជាឆ្នាំដែលប្រកបដោយភាពតានតឹងមួយក្នុងដំណើរការអាជីវកម្ម របស់ ធនាគារហត្ថា ហើយក៏ជាឆ្នាំដែលយើងទទួលបានបទពិសោធល្អៗជាច្រើន ដែលផ្ដល់នូវមេរៀន និង នាវានុវត្តន៍ថ្មីៗ ដើម្បីបន្តពង្រឹងនិងពង្រីកអាជីវកម្មរបស់យើង ឆ្ពោះទៅរកភាពថ្កុំថ្កើងនិងចីរភាពប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាព»។
លោកឧកញ៉ា ប្រធានអគ្គនាយក ធនាគារហត្ថា បានបន្ថែមទៀតថា៖ ភាពជោគជ័យដ៏ត្រចះត្រចង់ទាំងអស់នេះ បានលេចចេញជាផ្លែផ្កា កំឡុងពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោក កំពុងតែជួបប្រទះបញ្ហាប្រឈម ដែលបណ្ដាលមកពីសង្គ្រាម នៅប្រទេសអ៊ុយក្រែនក៏ដូចជាការយាយីមកលើខ្សែសង្វាក់ពាណិជ្ជកម្មពិភពលោក ពីសំណាក់មេរោគកូវីដបំប្លែងថ្មី។ ទន្ទឹមខណៈពេលដែលវិស័យសំខាន់ៗទូទាំងពិភពលោក បាននិងកំពុងតែត្រូវបានស្រោចស្រង់ពីវិបត្តិកូវីដជាសាកល។ ហើយនេះក៏សរបញ្ជាក់ឱ្យឃើញពីភាពឈ្លាសវៃ នៃការដឹកនាំត្រួសត្រាយផ្លូវប្រកបដោយថាមវន្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារហត្ថា។ ការសាមគ្គីជាធ្លុងមួយរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ហើយក៏បង្ហាញពីភាពរឹងមាំរបស់ ធនាគារហត្ថា ក្នុងនាមជាធនាគារចាស់ទុំនិងឈានមុខគេមួយរបស់ប្រទេសកម្ពុជា។
ថ្លែងដោយសង្កត់ធ្ងន់បន្ថែមទៀតនោះ លោកបានបង្ហាញក្តីរំពឹងថា៖«ខ្ញុំសង្ឃឹមយ៉ាងមុតមាំ និងនៅតែមានសុទិដ្ឋិនិយមខ្ពស់ថាសមិទ្ធផលជាច្រើននឹងកើតឡើងក្នុងឆ្នាំថ្មីនេះហើយយើងទាំងអស់គ្នាប្រាកដជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តការងាររបស់ខ្លួនដោយភាពអង់អាចក្នុងការប្តេជ្ញាចិត្តនិងភាពច្នៃប្រឌិតខ្ពស់ ដើម្បីបង្កើនអាជីវកម្មរបស់យើង ឱ្យសម្រេចតាមផែនការឆ្នាំ២០២៣ ហើយនឹងនាំមកនូវភាពរុងរឿងកេរ្តិ៍ឈ្មោះល្បាញល្បី ភាពរីកចម្រើន ប្រកបដោយចីរភាព និងវិបុលភាព ជូនដល់ធនាគារហត្ថា ដើម្បីសាងអនាគតដ៏ប្រសើរ»។
ធនាគារ ហត្ថា បានកម្លាយខ្លួនពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជជាផ្លូវការ នៅខែសីហាឆ្នាំ២០២០និងបន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជិត៣០ឆ្នាំ។គិតត្រឹម ខែមករាឆ្នាំ២០២៣“ធនាគារ ហត្ថា” មានការិយាល័យសាខា សរុប៖ចំនួន១៧៧,ម៉ាស៊ីនអេធីអឹមចំនួន១៤៣កន្លែងនិងមានអតិថិជនបើកគណនី សរុបជាង៥០០០០០ គណនី ជាមួយផលប័ត្រឥណទានសរុបជាង ១.៩ ពាន់លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបជាង ១.២ ពាន់លានដុល្លារអាមេរិក អតិថិជនប្រើប្រាស់កាតអេធីអឹម របស់ ធនាគារ ហត្ថា មានសរុបជាង ១០០.០០០នាក់ និងអតិថិជនប្រើប្រាស់សេវា Hattha Mobile សរុបមានចំនួនជាង ១៤0.00០ នាក់។ក្រៅពីសមិទ្ធផលខាងលើ ធនាគារហត្ថា បានសម្រេចនូវលទ្ធផលហិរញ្ញវត្ថុនាដំណាច់ខែធ្នូ ឆ្នាំ២០២២ បានយ៉ាងល្អប្រសើរ ដែលក្នុងនោះមាន ប្រាក់ចំណេញសុទ្ធចំនួន ៧៣,៣៧៦ លានដុល្លារអាមេរិក (បើគិតតាមប្រព័ន្ធCIFRS) ផលប័ត្រប្រាក់បញ្ញើសន្សំសរុប ១.៣៣១លានដុល្លារអាមេរិក និងសំពាធឥណទាន ១.៩៣៦លានដុល្លារអាមេរិក។
ធនាគារ ហត្ថា ផ្តល់សេវាហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា សេវាឥណទាន,សេវាប្រាក់បញ្ញើសន្សំ,សេវាផ្ទេរប្រាក់ក្នុងស្រុក, សេវាផ្ទេរប្រាក់ ឆ្លងធនាគារក្នុងស្រុក, សេវាផ្ទេរប្រាក់ឆ្លងប្រទេស, សេវាអេធីអឹម, សេវាធនាគារចល័ត និង សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំសេវាធានារ៉ាប់រងនិងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។ បច្ចុប្បន្ន ធនាគារ ហត្ថាគឺជាបុត្រសម្ព័ន្ធ របស់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេ លំដាប់ទី៥ នៅព្រះរាជាណាចក្រថៃ និងជា សមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG)ដែលជាសម្ព័ន្ធធនាគារធំជាងគេបំផុតនៅប្រទេសជប៉ុនព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕