ភ្នំពេញ៖ ប្រជាពលរដ្ឋជាង ៦ម៉ឺននាក់ បានជួបជុំគ្នាចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមម្លប់សន្តិភាព ដែលមានជាង២០០ឆ្នាំមកហើយ។ នេះបើយោងតាមរដ្ឋបាលខេត្តត្បូងឃ្មុំ។
ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន រួមទាំងស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តួចផ្តើមរៀបចំ និងអញ្ជើញជាអធិបតីក្នុងពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ជាង២០០ឆ្នាំមកហើយ ដែលបងប្អូនប្រជាពលរដ្ឋនៅភូមិសាទុំ តែងតែរៀបចំពិធីចាប់ត្រីនៅបឹងក្រមនេះជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ បន្ទាប់ពីបងប្អូនប្រជាកសិករយើងបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ បើតាមលោកយាយ លោកតាដំណាលប្រាប់។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ឲ្យដឹងថា ពិធីចាប់ត្រីនេះ ត្រូវបានអាក់ខានក្នុងរបបប៉ុលពត ប៉ុន្តែចាប់ពីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ មកបានរៀបចំធ្វើពិធីនេះឡើងវិញ មានអ្នកចូលរួមយ៉ាងច្រើនកុះករ។
លោកអភិបាលខេត្ត បញ្ជាក់ថា សម្រាប់ឆ្នាំនេះមានអ្នកចូលរួមកាន់តែច្រើនជាងឆ្នាំមុន មានប្រមាណជាង៦ម៉ឺននាក់ដែលមកពីទីជិតឆ្ងាយ មកពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនានាផងដែរ ។ ក្នុងស្មារតីភាតរភាពសាមគ្គីភាព ស្រលាញ់រាក់ទាក់គ្នា ប្រកបដោយ សីលធម៌ សុជីវធម៌ យ៉ាងល្អផូរផង់។
លោកគូសបញ្ជាក់បន្ថែមថា ការជួបជុំយ៉ាងអធិកអធមទាំងនេះ គឺអាចប្រព្រឹត្តិទៅបានដោយសារប្រទេសជាតិមានស្ថេរភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ មានសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមម្លប់សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន ខិតខំយកមកបាន ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណសន្តិភាព។
ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកចំអិនហូបជុំគ្នា រាំលេងកំសាន្ត ពិសេសឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងលោកជំទាវបានឧបត្ថម្ភដល់អ្នកដែលចូលរួមប្រកួតចាប់ត្រី ក្នុងនោះចាប់បានច្រើន គីឡូលើសគេ ទទួលបានប្រាក់រង្វាន់។លេខ១ ទទួលបានថវិកា៥០ម៉ឺនរៀល និងស្រាបៀរញាំលេងកំសាន្តរីករាយក្រោមម្លប់សន្តិភាពចំនួន ២កេសលេខ២ លេខ៣ ទទួលបានប្រាក់រង្វាន់ និងស្រាបៀ ក្នុងម្នាក់២កេះ លេខ៤ដល់លេខ១២ ទទួលបានស្រាបៀ ក្នុងម្នាក់២កេះដូចៗគ្នា ក៏ដូចជាអ្នកចូលរួមប្រកួតចាប់ត្រីទាំងអស់ ទទួលបានថវិកាលើកទឹកចិត្ត ក្នុងម្នាក់៥ម៉ឺនរៀលផងដែរ។
សូមជម្រាបថា ការប្រារព្ធពិធីចាប់ត្រី នៅបឹងត្រពាំងក្រមនេះ ធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ គឺបងប្អូនបានមកជួបជុំគ្នា ដើរលែងកំសាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់បឹងក្រម ដែលមានកេរ្តិ៍ ដំណែលពីដូនតាយើង រួមមាន៖ ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម ។
មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រីក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រី ជារៀងរាល់ឆ្នាំ។ ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជាអង្រុត ឈ្នាង និងត្រកជាដើម ដើម្បីចាប់ត្រី ក្នុងពិធីនេះ ដោយតំបន់បឹងក្រម មានផ្ទៃដីប្រមាណ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា៕