៩ខែឆ្នាំនេះនៅទូទាំងប្រទេសកម្ពុជាមានអ្នកកើតជំងឺគ្រុនចាញ់ជាង ៧ពាន់ករណី

0
8

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានថ្លែងថា ៩ខែ ឆ្នាំ២០២០នេះ មានអ្នកកើតជំងឺគ្រុនចាញ់សរុបទូទាំងប្រទេសចំនួន ៧,៦៦៨ករណី ហើយគ្មានអ្នកស្លាប់នោះទេ។

ការថ្លែងបែបនេះរបស់លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញបើកដំណើការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ សន្ធំដំណាក់កាលចុងក្រោយ ឆ្នាំ២០២០-២០២៣ នៅកម្ពុជាដែលបានប្រព្រឹត្តទៅសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

លោករដ្ឋមន្ដ្រីថ្លែងបន្ដថា «តាមរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្ត្រ ក្នុង៩ខែ នៃឆ្នាំ២០២០នេះ បានបង្ហាញថា ករណីជំងឺគ្រុនចាញ់សរុបទូទាំងប្រទេសក្នុងឆ្នាំ២០២០ មាន ៧,៦៦៨ករណី ឈឺ និងគ្មានស្លាប់។ ករណីឈឺឆ្នាំ២០២០នេះ គឺបានបន្តថយចុះ ៧០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមាន២៥,៤៩៩»។

រដ្ឋមន្រ្ដីសុខាភិបាល បានថ្លែងបន្ដថា នេះជាមោទនភាពបំផុត គឺជំងឺគ្រុនចាញ់ប្រភេទសន្ធំ (Plasmodium Falciparum) និងចំរុះមានតែ ៧៥៤ករណី គឺបានបន្តថយចុះយ៉ាងគំហុក ៧៩%។

យោងតាមយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ គឺកម្ពុជាយើងកំពុងឈរ នៅក្នុងពេលវេលាដ៏ជោគជ័យតាមការគ្រោងទុករួចជាស្រេចតាមរយៈសមិទ្ធផលសម្រេចបានរួចជាស្រេចនូវសូចនាករ លែងឲ្យមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ តាំងពីឆ្នាំ២០១៨ គឺសម្រេចបានជោគជ័យ៣ឆ្នាំ មុនការគ្រោងទុករួចជាស្រេច និងសូចនាករមួយទៀត គឺត្រូវឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ឬ ហ្វាល់ស៊ីប៉ារ៉ូម) នៅឆ្នាំ២០២០ បានន័យថា ដំណាច់ឆ្នាំ២០២០ គឺត្រូវឲ្យអត្រាជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ឬ ហ្វាល់ស៊ីប៉ារ៉ូម) ទាបជាងអត្រា ១.០៥ ក្នុងចំណោមប្រជាជន ១,០០០នាក់ នៅតាមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនីមួយៗ និងឲ្យមកនៅសូន្យករណីនាដំណាច់ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here