ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណ សរុបចំនួន១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់។
កម្មវិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។
និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩–២០២០ និងឆ្នាំសិក្សា២០២០–២០២១។ ក្នុងនោះ ក៏មាននិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតចំនួន ៣២នាក់ផងដែរ៕