បាត់ដំបង៖ ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ ដែលជាអតីតផ្លូវជាតិលេខ១០ ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់ នៃខេត្ត បាត់ដំបង។ ភ្នំនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំ នៅខាងលិចទីរួមខេត្តបាត់ដំបងចម្ងាយប្រហែលជា១២គីឡូម៉ែត្រមានភ្នំជាច្រើនដែលនៅជិតៗគ្នាដូចជា ភ្នំសំពៅ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា និង ភ្នំរំសាយសក់ជាដើម។ នៅលើកំពូលភ្នំ មានវត្តមួយ ឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២ រួមមាន ៖១. ល្អាងផ្កាស្លា,២. ល្អាងគក់ទ្រូង, ៣. ល្អាងខ្យល់, ៤. ល្អាង តែងខ្លួន, ៥. ល្អាងល្ខោន, ៦. ល្អាងជ្រៃ, ៧. ល្អាងពេជ្រ, ៨. ល្អាងខ្វែង, ៩. ល្អាងប្រេង, ១០. ល្អាងស្ថានីយ ឬ ល្អាងធំ, ១១. ល្អាងក្បាលខ្មោច, ១២. ល្អាងប្រចៀវ ប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមាន តែល្អាងផ្កាស្លា និងល្អាងល្ខោន។
នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗ មួយចំនួនទៀត ដែលមានជាប់ទាក់ទងនឹងរឿង ព្រេងនិទានខ្មែរ គឺរឿងព្រះបាទរាជកុល នាងរំសាយសក់។ ភ្នំទាំងនោះមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល់ ។ អ្វីដែលពិសេសជាងនេះទៅទៀត ភ្នំសំពៅ មិនត្រឹមតែ ជារមណីយដ្ឋានធម្មជាតិ ដ៍មានប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងកម្សាន្តមួយ ដ៍ទាក់ទាញ ក្នុងចំណោម រមណីយដ្ឋានជាច្រើនក្នុងខេត្តបាត់ដំបង ។ ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះ ចេញពីល្អាង ។
អ្នកស្រុកតែងតែហៅហ្វូងប្រជៀវទាំងនោះថា “កងទ័ពប្រជៀវដ៍ក្លាហាន” ពីព្រោះការហោះហើរ របស់ហ្វូងសត្វប្រជៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស ។ ជារៀងរាល់ថ្ងៃ នៅមុនពេល សូរិយារៀបអស្តង្គត់ នៅចន្លោះម៉ោង ៥៖៣០ នាទី ដល់ម៉ោង ៦៖ ១៥ នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែល ហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូង ខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី មកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ។ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលនាំគ្នាអង្គុយរង់ចាំ ទស្សនាហ្វូងសត្វប្រជៀវរាប់លានក្បាលហើរចេញពីល្អាង សុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពដ៍ អស្ចារ្យនេះ ។ ម្យ៉ាងវិញទៀតហ្វូងសត្វប្រជៀវទាំងអស់នោះត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយអាជ្ញាធរមូលដ្ឋាន ។
ប្រជាពលរដ្ឋនៅតំបន់នោះ ឈ្មោះ អ្នកស្រី ញឹង ភាព ជាអ្នកទទួលខុសត្រូវយាមល្អាង សត្វប្រជៀវ និងជាអ្នកប្រមូលអាចន៍ប្រជៀវលក់ បានអោយដឹងថា ការអភិរក្សសត្វប្រជៀវគឺពិបាកមែនទែន ដោយសារតែមានជនឆ្លៀតឱកាសមកលួចបាញ់ តែមកទល់ពេលបច្ចុប្បន្ននេះ គ្រាន់បើជាងមុន ហើយដោយ សារតែប្រជាពលរដ្ឋមានការយល់ដឹងពីសារប្រយោជន៍របស់វា និង យល់ដឹងអំពីការប្រឈមនឹងផ្លូវច្បាប់។
បើនិយាយពីអត្ថប្រយោជន៍នៃសត្វប្រ ជៀវទាំងនេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់ គឺវាជួយបំផ្លាញសត្វល្អិតចង្រៃដែលបំផ្លាញដំណាំ របស់កសិករ និង អាចម៍របស់របស់គេយកធ្វើជាជីទៀតផង ហើយអ្វីដែលពិសេសបំផុតនោះ គឺហ្វូងសត្វប្រជៀវទាំងក្លាយជាផលិតផលទេសចរណ៍ដ៍ទាក់ទាញក្នុងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ។
ដោយសារវត្តមានភ្ញៀវទេសចរនេះ ហើយ ធ្វើអោយបង្កើនសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការលក់ដូរ ចំណី អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ជាដើម ។ បើនិយាយពីសេវាដឹកជញ្ជូន វិញ នៅភ្នំសំពៅមានឡានសម្រាប់ដឹងភ្ញៀវឡើងភ្នំចំនួន ០៨ គ្រឿង ដែលសុទ្ធតែបានមកធ្វើអាជ្ញាបណ្ណនៅមន្ទីរ ទេសចរណ៍ខេត្តបាត់ដំបង។ ចំពោះកត្តាសន្តិសុខវិញ នៅរមណីយដ្ឋានភ្នំសំពៅមានកម្លាំងនគរបាលទេសចរណ៍ចំ នួន ០២ រូប និង កម្លាំងប្រជាការពារឃុំចំនួន ០៦ រូប នៅប្រចាំការជារៀងរាល់ថ្ងៃ ដើម្បី រៀបចំ ថែរក្សា ការពារ សុវត្ថិភាពជូនភ្ញៀវទេសចរ ដែលមកទស្សនាហ្វូងសត្វប្រជៀវ និង មកកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅនេះ។
រឿងព្រេងនិទានទាក់ទងនិងភ្នំសំពៅ៖ កាលពីព្រេងនាយមានព្រះមហាក្សត្យ១អង្គព្រះនាម “រាជកុល” សោយរាជ្យនៅព្រះរាជាណាចក្រកម្ពុជា។ តាំងពីព្រះរាជវាំង នៅលើភ្នំដងរែកព្រះបាទរាជកុល ទ្រង់សព្វព្រះហទ័យលើស្រ្តីម្នាក់នាង “សុវណ្ណឧស្សា” នាងជាកូនអ្នកក្រីក្រទេ ប៉ុន្តែនាងមានរូបឆោមលោមពណ៌ ស័ក្តសម ល្អឆើត នាងចឹញ្ជឹមក្រពើ១ក្បាលមាន រឹទ្ធក្លាហាន ឆ្លាសវៃខ្លាំងអស្ចារ្យ និងចេះភាសាមនុស្ស ទោះប្រើអោយធ្វើអ្វីបានទាំងអស់ ក្រពើនោះមានខ្លួនធំហួសប្រមាណទើបនាងអោយឈ្មោះថា “អាធន” តាមរឿងបានដំណាលថាមុនដំបូងនាងរើសបានពងសត្វយកទៅទុកដោយនាងមិនដឹងថាជាសត្វអ្វីនោះទេ ប៉ុន្តែដល់ថ្ងៃខែដែលញាស់ស្រាប់ឃើញចេញជាកូន ក្រពើមកនាងចេះ តែអាណិតខំចិញ្ជឹម ថែរក្សាពេញចិត្តណាស់ក្រពើនោះ ទៀតសោតប្លែកពីក្រពើទាំងពួង ចេះស្តាប់បង្គាប់ដូចមនុស្សសុទ្ធសាធ។ ឯ ព្រះបាទរាជកុលលុះបាននាង សុវណ្ណឧស្សាបានជាគូស្នេហាហើយមិនយូរប៉ុន្មានក៏បែរជាមានព្រះទ័យពុំសូវស្ម័គ្រស្មោះទៅវិញ។
ដោយទ្រង់ព្រះតំរិះយល់ឃើញថានិងមិនលើកនាងជាអគ្គមហេសីពេញទីពុំបានព្រោះនាងជារាស្ត្រមានឋានៈពុំស្មើពុំសមនិងរៀបអភិសេធ្វើជាអគ្គមហេសីឡើយ។ លុះព្រះតំរិះដូចច្នេះហើយទ្រង់ស្តេចយាងទៅក្រាបបង្គំព្រះបិតាហើយព្រះមាតាក៏យល់តាមឲ្យអាមាតនិងមន្រ្តីក្នុងវាំងចាត់ សើបសួររកបុត្រីដែលមានពូជពង្សរាជវង្សសក្តសម ដើម្បីរៀបអភិសេកជាមួយព្រះរាជបុត្រ របស់ព្រះអង្គ។
យូរបន្តិចមកលឺដំណឹងថាស្រុក “ចាន់បុរី” មានស្តេចព្រះ១អង្គមានរាជបុត្រី១អង្គគឺនាង “រំសាយសក់” ព្រោះព្រះនាងមានសក់ទិព្វចង់បានអ្វីក៏បានដូចព្រះទ័យ គឺព្រះនាងគ្រាន់តែច្បូតព្រះកេសី ទៅទឹកសមុទ្រខះកា្លយជាដីគោកក៏បាន ចង់អោយដីគោកក្លាយទឹកសមុទ្រវិញក៏បាន ព្រះរាជបិតាព្រះមាតានៃព្រះបាទរាជកុលទ្រង់ឲ្យអាមាត មន្ត្រី សេនានាំសួយសារអាករទៅថ្វាយស្តេចក្រុងចាន់បូរី ដើម្បីដណ្តឹងនាងតាមប្រពៃណី ស្តេចក្រុងចាន់បុរី ទ្រង់ក៏ពុំយល់ទាស់ឡើយទ្រង់តបព្រះរាជ្យសារមកព្រះបិតាមាតាព្រះបាទរាជកុលថា “បើទ្រង់សព្វព្រះរាជហរទ័យ សូមទ្រង់លើកបណ្ណាការមកចុះ” សេនាបានទទួល ព្រះរាជអង្គការយល់ព្រមហើយក្រាបបង្គំលាត្រលប់មកទូលព្រះរាជបិតាព្រះមាតាព្រះរាជកុលវិញសពគ្រប់តាមដំណើររឿង។
ព្រះបាទរាជកុលទ្រង់សន្តាប់ដូច្នោះក៏មានព្រះទ័យសោមនស្សពន់ពេកទើបទ្រង់ត្រាស់បង្គាប់រៀបចំគ្រឿងបណ្ណាការ ច្រើនសន្ធឹកសន្ធាប់ ទុកក្នុងសំពៅដើម្បីធ្វើ ព្រះរាជដំណើរទៅកាន់ក្រុងចាន់បុរីរៀបមង្គលការ។ ចំណែកនាងសុវណ្ណឧស្សាបានលឺដំណឹងនេះហើយក៏មានចិត្តក្ដុកក្ដួល និងយំខ្សឹកខ្សួល កើតចិត្តក្តៅក្រហាយខ្លាំងណាស់ ទើបប្រើក្រពើអាយទៅតាមដល់សំពៅនោះ ដើម្បីរាំងដំណើរកុំអោយព្រះបាទរាជកុលទៅជួបនាងរំសាយសក់ហើយនាំព្រះអង្គមកជួបនាងវិញ។
ក្រពើអាធននោះក៏ប្រើបានដូចចិត្តទៀតហើយ ស្រលាញ់នាងសុវណ្ណឧស្សាទុកដូចជាម្ដាយ វាបោះពួយលឿនដូចព្រួញលុះជិតទៅដល់សំពៅ ព្រះអង្គក្រឡេកឃើញអាធនក៏មានព្រះបន្ទូលថា “នែ អាធនឯងកុំធ្វើផ្តេសផ្តាស់ណា” អាធនក៏ឆ្លើយតបវិញថា “ស៊ីបាយអ្នកណាយកអាសាអ្នកនោះ” ពួកពលសេនាឃើញក្រពើធំសំបើមក៏ស្រែកឆោឡោផ្អើលពេញសំពៅខ្លះបោះ ត្រឡាច ល្ពៅ ព្រមទាំង មាន់ទាទាំងទ្រុងៗក្នុងសំពៅទាំងអស់បោះអោយវាស៊ីដើម្បីអោយវាចេញឆ្ងាយពីសំពៅតែអាធនវាមិនស៊ីរបស់ទាំងនោះទេ ហើយវានៅពីក្រោមបាតសំពៅដើម្បីទាមទារអោយព្រះអង្គរាជកុលទៅជាមួយវា ព្រះរាជកុលបួងសួងសូមឲ្យទេវតាជួយផុតពីគ្រោះថ្នាក់ដោយបុណ្យបារមីនៃសេចក្តីបួងសួង ក៏ព្រះអធិរាជទៅប្រាប់ នាងរំសាយសក់ភ្លាម ព្រះនាងរំសាយសក់ពេលបានលឺថាមានក្រពើនៅពីក្រោមបាតសំពៅមិនព្រមឲ្យ រាជកុលមករៀបការជាមួយព្រះនាងក៏ច្បូតព្រះកេសីអោយទឹកសមុទ្ររាំងស្ងួតក្លាយជាដី ក្រពើកកប់ក្នុងដីនោះមុននិងស្លាប់ក្រពើនោះគោះកន្ទុយផងដកដង្ហើមធំផង រមួលខ្លួនត្រលប់ត្រលិន ត្រង់ខ្លួនក្រពើនោះគោះកន្ទុយត្រង់ច្រមុះក្លាយជាបឹង២មកដល់សព្វថ្ងៃនេះហៅថា “បឹងកន្ទុយក្រពើ” និង “បឹងច្រមុះក្រពើ”។ ឯសំពៅនោះក៏កើតជាភ្នំធំ១មានរាងជាសំពៅសុទ្ធសាធហៅថា “ភ្នំសំពៅ” តែឃ្លាតគ្នាបន្តិចព្រោះរលកបកខ្លាំងណាស់ក្តោងសំពៅបាក់លិចទៅក្នុងទឹកក៏កើតជាភ្នំ១ហៅថា “ភ្នំក្តោងសំពៅ” ទល់សព្វថ្ងៃ ទ្រុងមាន់ទ្រុងទាដែលពលសេនាបោះអោយក្រពើស៊ីក៏ក្លាយជា “ភ្នំទ្រុងមាន់ទ្រង់ទា” ដរាបដល់សព្វថ្ងៃ។
លុះសមុទ្រក្លាយជាដីហើយព្រះរាជកុលបាន បញ្ជាអោយពួកសេនាជញ្ជូន គ្រឿងប្រដាប់ប្រដារ ទៅកាន់ក្រុងចាន់បុរី ដើម្បីរៀបអភិសេកតាមប្រពៃណី។ ត្រង់កន្លែងនាងរំសាយសក់ច្បូតសក់នោះក្លាយជាភ្នំ១ នៅខាងត្បូងភ្នំ សំពៅហៅថា “ភ្នំរំសាយសក់” លុះរៀបអភិសេករួចហើយ ព្រះបាទរាជកុលលើកនាងរំសាយសក់ជា អគ្គមហេសីព្រមទាំងពលសេនាត្រលប់មកកាន់ រាជបុរីវិញព្រះអង្គគងលើដំរី ជាមួយព្រះនាងជាព្រះជាយា មានពលសេនាហែហមអមជាច្រើនមកដល់ពាក់កណ្តាលផ្លូវទ្រង់ក្រឡេកឃើញភ្នំសំពៅ ភ្នំទ្រុងមាន់ទ្រុងទា ភ្នំក្រពើ ទ្រង់តូចចិត្តនិង នាងសុវណ្ណឧស្សា ជាខ្លាំងព្រោះ ចិត្តអាក្រក់ដែល បណ្ដាលអាធនទៅសំលាប់ ព្រះអង្គព្រោះតែនាង ព្រះអង្គអោយសេនា មកចាប់នាងយក ទៅសំលាប់ចោល។ សេនាធ្វើតាមរាជបញ្ជាកចាប់ នាងសុវណ្ណឧស្សាមកកាត់ក្បាល សងសឹកវិញក្បាលនោះកើតជាភ្នំ១ហៅថា “ភ្នំសងក្បាល” នៅជិតមង្គលបុរីសព្វថ្ងៃនេះ៕
ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង