ក្រុមការងារបរិស្ថានរកឃើញបឹងដ៏ធំមួយលាក់ខ្លួនក្នុងព្រៃជ្រៅ លើកំពូលភ្នំសំកុស ស្ថិតក្នុងស្រុកសំឡូត

0
5

បាត់ដំបង៖ ក្រុមការងារបរិស្ថាន បានរកឃើញបឹងដ៏ធំមួយមានសម្រស់ស្រស់បំព្រងកំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ ដែលអ្នកស្រុកហៅតៗគ្នាថា«ទន្លេផែន» ស្ថិតនៅរយៈកម្ពស់១៤០០ម៉ែត្រ លើកំពូលភ្នំសំកុស  ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង។

បើយោងតាមប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក កត បូរ៉ាន បានឱ្យដឹងថា ទន្លេផែនមានដើមឈើធំៗខ្ពស់ៗ  នៅព័ទ្ធជុំវិញបឹងដែលមានទឹកថ្លាឆ្វង់ និងមានបណ្តោយប្រវែងជាង៤០០ម៉ែត្រ និងទទឹងជាង២០០ម៉ែត្រ។ កន្លងមកមានអ្នកភូមិចំនួន៤ទៅ៥នាក់បានទៅរកថ្នាំ បេះក្រវាញ បេះសោម ក្បែរៗនោះតែប៉ុណ្ណោះ កម្រមាននរណាទៅដល់មាត់បឹងនេះណាស់ ព្រោះការធ្វើដំណើរទៅដល់បឹងធម្មជាតិមួយនេះត្រូវបានពេលយូរចន្លោះពី៨ទៅ៩ម៉ោង។

លោកប្រធានមន្ទីរបរិស្ថានបានឱ្យដឹងទៀតថា ការរកឃើញទន្លេផែនដែលជាបឹងធម្មជាតិដ៏ធំនិងមានសម្រស់ស្រស់បំព្រង នៅលើកំពូលភ្នំសំកុស នឹងនាំឱ្យការពង្រឹងបន្ថែមទៀតលើការការពារ និងការអភិរក្សធនធានធម្មជាតិដ៏ល្អ និងមានសក្តានុពលសម្រាប់ទេសចរណ៍ធម្មជាតិថ្មីបន្ថែមទៀត ដែលផ្តល់ប្រយោជន៍បន្ថែមដល់សេដ្ឋកិច្ចជាតិ និងសហគមន៍មូលដ្ឋាន។

បន្ថែមពីនេះ លោក កត បូរាន អះអាងថា មន្ទីរបរិស្ថានបានស្នើទៅកាន់ក្រសួងបរិស្ថានដើម្បីសិក្សាបង្កើតជាតំបន់អេកូទេសចរណ៍ ព្រោះទន្លេផែនជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសក្ដានុពលខ្ពស់ និងទើបត្រូវបានរកឃើញថ្មីៗនេះ។

លោក កត បូរាន បានដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រសួងបរិស្ថាននឹងស្វែងរកដៃគូសហការដើម្បីពង្រឹងកិច្ចការពារ និងថែរក្សាទន្លេផែនឱ្យបានស្ថិតស្ថេរគង់វង្ស ខណៈបច្ចុប្បន្នមានភ្ញៀវទេសចរបរទេសជាច្រើនបាននិងកំពុងចាប់អារម្មណ៍ចង់ទៅទស្សនាកម្សាន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here