ភ្នំពេញ៖ ដើម្បីចូលរួមក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងកម្ពុជា ក្រសួងបរិស្ថាន ដោយមានការសហការជាមួយអង្គការដៃគូ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្ពោះទៅបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដំណាក់កាលទី២ នៅខេត្តចំនួន៦ នៃតំបន់ជួរភ្នំក្រវាញ។
សន្និសីទសារព័ត៌មាននេះដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន, តំណាងអង្គការដៃគូរួមមានអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) អង្គការអភិរក្សអន្តរជាតិ (CI), អង្គការ ACCB, អង្គការ Wild Earth Allies និងអង្គការមូនិធិ MJP នៅទីស្តីការក្រសួងបរិស្ថាន។
យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥ខែ ដោយចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ដល់ខែកក្កដាឆ្នាំ២០២៣ ហើយត្រូវអនុវត្តក្នុងខេត្តចំនួន៦គឺ៖ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង សៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន៕