បាត់ដំបង៖ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានផ្តល់កិច្ចជំនួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនមីនីបៀ មីតស៊ុមិ MinebeaMitsumi ដើម្បីធ្វើបទបង្ហាញនិងរបាយការណ៍អំពីលទ្ធផលនៃការសិក្សា អំពូលបំភ្លឺផ្លូវសាធារណ:ក្នុងខេត្តបាត់ដំបូង ដើម្បីជាផ្នែកមួយក្នុងការរៀបចំនូវសោភ័ណភាពក្នុងទីក្រុងបាត់ដំបង ក្រោយពីគម្រោងកែលម្អនានា នៅក្នុងក្រុងត្រូវបានបញ្ចប់។
ក្នុងកិច្ចពិភាក្សានេះ ក៏មានវត្តមានថ្នាក់ដឹកនាំមន្ទីរមួយចំនួនក្នុងខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធសំខានៗរបស់សាលាខេត្តផងដែរ។
តាមរយៈនៃកិច្ចជំនួបនេះតំណាងក្រុមហ៊ុនក៏បានគូសបញ្ជាក់ពីលទ្ធផលជំហានដំបូងក្នុងការសិក្សាវាយតម្លៃពីគម្រោងដែលខ្លួនត្រូវអនុវត្តជាមួយមន្ត្រីជំនាញពាក់ព័ន្ធរបស់សាលាខេត្តដើម្បីរាយការលម្អិតពីគម្រោងរៀបចំនៅថ្ងៃខាងមុខជាពិសេស ការតម្លើងនិងបំពាក់អំពូលឆ្លាតវៃបំភ្លឺផ្លូវសាធារណៈក្នុងក្រុងបាត់ដំបង។ ដែលជំហានដំបូងនេះ ខាងក្រុមហ៊ុនបានសិក្សាទៅលើដងផ្លូវមួយកន្លែងពីរង្វង់រូបសំណាកលោកតាដំបងក្រញូង មកស្ពានថ្មថ្មី១៣មករា មុខសាលាខេត្ត។ដោយក្នុងនោះខាងក្រុមហ៊ុនសិក្សាគ្រោងរៀបចំតម្លើង និងបំពាក់អំពូលភ្លើង ខាងលើនេះសរុប ចំនួន៥៤បង្គោលស្មេីនឹង៥៤អំពូលដែលមានឋាមពលនិងកម្លាំង ៧៤វ៉ាត់ ។
ក្រោយពីការជួបជជែកពិភាក្សាយ៉ាងលម្អិតជាមួយក្រុមហ៊ុនឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានជម្រុញឲ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែមពីលើគម្រោងដែលបានសិក្សាកន្លងមក ក្រៅពីកំណាត់ផ្លូវដែលបានកំណត់កន្លងមកដោយក្នុងនោះឯកឧត្តមអភិបាលខេត្តជម្រុញឲ្យលោក ហាន ស៊ីហ៊ីប ជានាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធរបស់សាលាខេត្តដើម្បីចុះសិក្សាបន្ថែម ជាមួយក្រុមបច្ចេកទេស របស់ ក្រុមហ៊ុន ដោយពិនិត្យវាយតម្លៃលើការរៀបចំបំពាក់អំពូលភ្លើងឆ្លាតវៃ នៅលើដងផ្លូវមួយចំនួនបន្ថែមទៀត ដូចជា៖ពីរង្វង់មូលព្រាបស មករូបសំណាកលោកតាដំបក្រញូង,បរិវេណជុំវិញរង្វង់មូលលោកតាដំបងក្រញូង,ពិនិត្យលើកំណាត់ផ្លូវមុខស្នងការដ្ឋាននគរបាលខេត្តនិងពីកំណាត់ផ្លូវជាតិលេខ៥ចាប់ពីរង្វង់មូលលោកតាដំបងក្រញូងដល់ស្ពានថ្មថ្មី…។
បន្ថែមផងដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានជម្រុញដល់ ក្រុមហ៊ុនមីនីបៀមីតស៊ុមិ(Minebea Mitsumi) ត្រូវពន្លឿនធ្វើការរៀបចំតម្លើង និងបំពាក់អំពូលភ្លើងដែលបានកំណត់ព្រមព្រៀងគ្នា ពីបរិវេណជុំវិញលោកតាដំបងក្រញូង រហូតមកដល់ស្ពានថ្មថ្មី១៣មករា នៅមុខសាលាខេត្ត ត្រូវតម្លើងបំពាក់បង្គោលនិងអំពូលបំភ្លឺផ្លូវសាធារណៈទាំងនោះឲ្យបានរួចរាល់មុនពេលរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ឆាប់ៗខាងមុខនេះ។
តាមការគូសបញ្ជាក់ពីក្រុមហ៊ុនបានឲ្យដឹងថាៈផលប្រយោជន៍នៃការប្រើប្រាស់អំពូលវៃឆ្លាតអាចផ្តល់នូវអត្ថប្រយោជន៍ក្នុងការសន្សំតម្លៃប្រើប្រាស់អគ្គិសនីរហូតដល់ជាង ៤ពាន់ដុល្លា /ឆ្នាំ ជាមួយកាលវិភាគបន្ថែមបន្ថយពន្លឺ 60% ព្រមទាំងទទួលបានការថែទាំអំពូលយ៉ាងយកចិត្ដទុកដាក់ពីសំណាក់វិស្វករជំនាញរបស់ក្រុមហ៊ុនហើយអំពូលវៃឆ្លាតរបស់ក្រុមហ៊ុនមានគុណភាពខ្ពស់និងមាន អាយុកាលប្រើប្រាស់រហូតទៅដល់១០ឆ្នាំនិងភ្ជាប់ជាមួយកិច្ចសន្យានៃការថែទាំរយះពេល១០ឆ្នាំផងដែរ៕